ឥណ្ឌា ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 នៅ​សប្តាហ៍​នេះ​

​ញូ​ដេលី​៖ ការរៀបចំ​ត្រៀម​នានា នៅ​មុនពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 និង​កិច្ចប្រជុំ​កម្រិត​ទេស​សា​ភិ​បាល​ធនាគារកណ្តាល បាននិងកំពុង​ដំណើរកា​រ នៅ​ទីក្រុង បេង​ហ្គា​លូ​រូ (Bengaluru) នៅ​ប្រទេស​ឥណ្ឌា​។​

​ការត្រៀម​រៀបចំ​កំពុងដំណើរការ នៅក្នុង​ទីក្រុង បេង​ហ្គា​លូ​រូ (Bengaluru) នៃ​រដ្ឋកា​ណា​តា​កា (Karnataka) ភាគ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា មុនពេល​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 និង​អភិបាល​ធនាគារកណ្តាល រៀបចំ​ឡើងជា​ផ្លូវការ នៅ​ទីនោះ​។​

​បើតាម​លោក អា​ចាយ សិត (Ajay Seth) លេខាធិការ នៃ​នាយកដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​យើង​រំពឹងថា នឹងមាន​គណៈប្រតិភូ​ជាង ៧០ គណៈ​តិ​ភូ និង​ភ្ញៀវ​គណៈប្រតិភូ​សរុប ច្រើនជាង ៥០០​នាក់​»​។​

​លោក​បាន​បន្តថា ជាការ​ពិតណាស់ រួមទាំង​រដ្ឋមន្ត្រី ទេស​សា​ភិ​បាល និង​មន្ត្រីជាន់ខ្ពស់​មកពី​ប្រទេស​ផ្សេងៗ​ដែលជា​សមាជិក G20 ក៏ដូចជា តំណាង​បណ្តា​ប្រទេស​ដែល​ត្រូវបាន​អញ្ជើញ​ដោយ​ប្រធានាធិបតី​ឥណ្ឌា ព្រមទាំង បណ្តា​អង្គការ​អន្តរជាតិ​ផងដែរ​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 និង​កិច្ចប្រជុំ​កម្រិត​ទេស​សា​ភិ​បាល ធនាគារកណ្តាល លើកដំបូង ក្រោម​ការដឹកនាំ​របស់​ឥណ្ឌា ដែលជា​ប្រធាន​ប្តូរ​វេន នៃ​ប្លុក​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ ឬ G20 ត្រូវបាន​កំណត់ថា នឹង​រៀបចំឡើង ចាប់ពី​ថ្ងៃទី​២៤ ដល់ ទី​២៥ កុម្ភៈ ឆ្នាំ​២០២៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close