បឹង​ដ៏​ធំ ដែល​អ្នកស្រុក​ហៅ​តៗ​គ្នា​ថា​«​ទន្លេ​ផែន​» លើ​កំពូលភ្នំ​សំ​កុស បង្ហាញ​សម្រស់​ដ៏​ស្រស់ស្អាត កំពុង​លាក់ខ្លួន​ក្នុងព្រៃ​ជ្រៅ

​បឹង​ដ៏​ធំ ដែល​អ្នកស្រុក​ហៅ​តៗ​គ្នា​ថា​«​ទន្លេ​ផែន​» ស្ថិតនៅ​រយៈកម្ពស់​១៤០០​ម លើ​កំពូលភ្នំ​សំ​កុស មាន​សម្រស់​ដ៏​ស្រស់ស្អាត កំពុង​លាក់ខ្លួន​ក្នុងព្រៃ​ជ្រៅ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។ ទន្លេ​ផែន មាន​ដើមឈើ​ធំៗ​ខ្ពស់ៗ នៅ​ព័ន្ធ​ជុំវិញ​បឹង​ដែលមាន​ទឹកថ្លា​ឆ្វង់ និង​មាន​បណ្តោយ​ប្រវែង​ជាង​៤០០​ម និង​ទទឹង​ជាង​២០០​ម​។

​អ្នកភូមិ​ដែល​ធ្លាប់​កាន់​តំបន់​ក្បែរ​នេះ បាន​បញ្ជាក់ថា ពីមុនមក កម្រ​មាន​នរណា​ទៅដល់​កន្លែង​បឹង​នេះ ។ កន្លងមក អ្នកភូមិ​ចំនួន​៤​ទៅ​៥​នាក់ នៃ​ឃុំ​អូរ​ជាំ ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ទៅរក​ថ្នាំ បេះ​ក្រវាញ បេះ​សោម ក្បែរៗ​នោះ​ប៉ុណ្ណោះ ហើយក៏​មិ​ដែល​បានមក​សម្រាក​ក្បែរ​មាត់បឹង​នេះ​។

​ក្រុមការងារ​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​និង​សិក្សា​សក្តានុពល​ធនធានធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។

​លោក កត បូរាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ការរកឃើញ​ទន្លេ​ផែន បឹង​ធម្មជាតិ​ដ៏​ធំ នៅលើ​កំពូលភ្នំ​សំ​កុស នឹង​នាំ​ឲ្យ​ការពង្រឹង​បន្ថែមទៀត​លើ​ការការពារ​និង​ការអភិរក្ស​ធនធានធម្មជាតិ​ដ៏​ល្អ និង​មាន​សក្តានុពល​សម្រាប់​ទេស​ចរណ៍​ធម្មជាតិ​ថ្មី​បន្ថែមទៀត ដែល​ផ្តល់​ប្រយោជន៍​បន្ថែម​ដល់​សេដ្ឋកិច្ចជាតិ និង​ដល់​សហគមន៍​មូលដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close