ឯកឧត្តម សោម រតនា ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គម ជួយឱ្យសាធារណជនស្គាល់ពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញយន្តការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ នៅសណ្ឋាគាររីជេនស៊ីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង បណ្តាញសង្គមក្នុងការជួយឱ្យសាធារណជនបានស្គាល់ពីកម្មវិធីនានា ក៏ដូចជាស្វែងយល់ពីអត្ថន័យ និងវត្ថុបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
«ក្នុងន័យនេះ ការងារផ្សព្វផ្សាយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីផ្សព្វផ្សាយទៅដល់សាធារណៈទាំងជាតិ និងអន្ដរជាតិបានដឹង និងយល់ពីអត្ថន័យ និងអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនាពេលដ៏ខ្លីខាងមុខនេះ»
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងផងដែរនូវបណ្តាបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តកន្លងមក ដែលសិក្ខាសាលានាពេលនេះ ជាឱកាសនៃការជួបជុំគ្នា និងថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានដែលបានចូលរួមសហការប្រកបដោយប្រសិទ្ធភាព និងជួយឱ្យការផ្សព្វផ្សាយពីព្រឹត្តិការណ៍មានភាពល្បីល្បាញ និងទទួលបានការគាំទ្រពីមហាជន។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ។ អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ នឹងមានការរៀបចំកាន់តែធំជាងមុន ដែលមានកម្មវិធីចំនួន៤៤កម្មវិធី លើទីតាំងចំនួន៦តំបន់ សម្រាប់បង្កបរិយាកាសដ៏សប្បាយរីករាយរយៈពេល៤ថ្ងៃនេះ(១៣-១៦ មេសា ២០២៣)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។