ស្ពានអាកាសឬស្សីកែវ នឹងបើកដំណើរការនៅដើមខែក្រោយ
ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ពានអាកាសឫស្សីកែវនេះត្រូវបានសាងសង់រួចរាល់១០០ភាគរយ ប៉ុន្តែនៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ រៀបការ៉ូឡា ខឿន សួន ការងារ តុបតែង លម្អផ្សេងៗ ត្រូវពន្លឿនឱ្យរួចរាល់ ក្នុងរយៈពេល តែពីឬបីថ្ងៃទៀតនេះ ដើម្បីដាក់ឱ្យបងប្អូនប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឫស្សីកែវ ដែលមានប្រវែង៤៨៣ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ក្នុងបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រំដោះការកកស្ទះចរាចរណ៍។
គូសបញ្ជាក់ថា ស្ពានអាកាសឫស្សីកែវ ដែលមានទីតាំងនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ស្ពានអាកាសថ្មីមួយនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រដែលសាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពានអាកាសឫស្សីកែវនេះគឺជាស្ពានអាកាសទី៧ បន្ទាប់ពីស្ពានអាកាសចោមចៅ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាស៥មករា សា្ពនអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា និងអាកាសក្បាលថ្នល់។ ខណៈបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងតែសាងសង់ស្ពានអាកាសចំនួន ២បន្ថែមទៀត គឺស្ពានអាកាសព្រះមុនីវង្ស ស្ថិតនៅផ្លូវលេខ២៧១ និងស្ពានអាកាស គង់ សំអុល ស្ថិតនៅផ្លូវលេខ២០០៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។