រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើឱ្យដកដំណែងប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា
រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ បានស្នើមកកាន់អភិបាលខេត្តមណ្ឌលគិរី ដកតំណែងប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា គឺលោក ហាន សាខន ក្រោយរកឃើញកំហុសឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនអភិបាលខេត្តមណ្ឌលគិរីចុះថ្ងៃទី ០២ កុម្ភៈ ថា លោក ហាន សាខន អត្ថលេខ ១៧១១ ៤០០ ៤៧៣ ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានប្រព្រឹត្តនូវកំហុសនិងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងមុខងាររបស់ខ្លួនដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ នៃអ្នករាជការ ។
ជាមួយគ្នាលោករដ្ឋមន្ត្រីក៏បានតម្រូវឲ្យឈ្មោះ ហាន សាខន ត្រូវតែបង្ហាញវត្តមានរៀងរាល់ថ្ងៃធ្វើការ ដោយមិនតម្រូវឲ្យមានភារកិច្ច នឹងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា ការណែនាំរបស់មន្ទីរបរិស្ថាន និងស្ថិតក្រោមការតាម ដាន ការអនុវត្តទោសព្យួរ ពីស្ថា ប័នតុលាការមានសមត្ថកិច្ច ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។