បក្សកុំម្មុយនីស្តវៀតណាមតែងតាំងលោកវ៉ូ វ៉ាន់ ធឿង ជាប្រធានាធិបតីថ្មី
គណបក្សកុំម្មុយនីស្តវៀតណាម បានតែងតាំងលោកវ៉ូ វ៉ាន់ ធឿង(Vo Van Thuong) ជាប្រធានាធិបតីថ្មីរបស់ប្រទេស នេះបើតាមប្រភពព័ត៌មានពីរចេញពីគណបក្សបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ។
គណៈកម្មាធិការកណ្តាលរបស់បក្ស បានអនុម័តការសំរេចចិត្តកាលពីមុនមួយរបស់ការិយាល័យនយោបាយក្នុងការតែងតាំងលោក ធឿង ហើយវានឹងត្រូវសភាប្រជុំអនុម័តនៅថ្ងៃព្រហស្បតិ៍ទី២កុម្ភៈ។
អាយុត្រឹម៥២ឆ្នាំ លោកធឿង បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយវ័យក្មេងជាងគេ។ ការតែងតាំងលោកកើតឡើងចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលបាននាំដល់ការស៊ើបអង្កេតមន្ត្រីរាប់រយនាក់និងឥស្សរជននយោបាយជាច្រើនត្រូវបានបណ្តេញចេញពីតំណែង រួមមានឧបនាយករដ្ឋមន្ត្រីពីររូប។ គេថាលោកធឿងមានទំនាក់ទំនងជិតស្និទ្ធនឹងអគ្គលេខាបក្សលោក ង្វៀន ភូ ជុង (Nguyen Phu Trong) ជាបុគ្គលមានអំណាចបំផុតនៅវៀតណា ដែលជាមេដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ។
កាលពីខែមករា អតីតប្រធានាធិបតី ង្វៀន សួនហ្វ៊ុក(Nguyen Xuan Phuc )បានសុំលាឈប់ភ្លាមៗបន្ទាប់ពីគណបក្សបន្ទោសលោកចំពោះ«ការរំលោភនិងកំហុស»ប្រព្រឹត្តដោយមន្ត្រីក្រោមការគ្រប់គ្រងរបស់លោក ។
នៅវៀតណាម ប្រធានាធិបតីស្ថិតចំណោមឥស្សរជនកំពូលបួនរូបនៅក្នុងប្រទេស រួមជាមួយអគ្គលេខាបក្ស នាយករដ្ឋមន្ត្រីនិងប្រធានសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។