រយៈពេល ៥ខែ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុប ជិត ១១ លានដុល្លារ

ចាប់តាំងពីបើកឱ្យដំណើរការ នៅថ្ងៃទី​១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត ១,៩ លាន ក្នុងនោះ មានប្រមាណជាង ១,៤ លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

យ៉ាងណាមិញ ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួនជិត១,៩លានគ្រឿង ក្នុងនោះមានប្រមាណជាង១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុបជិត១១លានដុល្លារសហរដ្ឋអាម៉េរិក។ តាមការសង្កេតបានឃើញថា ទោះបីជាផ្លូវល្បឿនលឿនមានអ្នកចរាចរណ៍ច្រើនក៏ពិតមែន ប៉ុន្ដែអ្នកធ្វើដំណើរទូទៅនៅមិនទាន់យល់ដឹងច្បាស់ពីរបៀបប្រើប្រាស់នៅឡើយ ដែលបានធ្វើឱ្យខូចនូវសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សំដៅឱ្យប្រតិបត្តិការកាន់តែមានភាពរលូន និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។

គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿននេះ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង២៤ម៉ែត្រ មាន៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន៦កន្លែង មានកន្លែងឈប់សម្រាក៣កន្លែង និងចំណតរថយន្ត១កន្លែងផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close