រដ្ឋមន្ត្រីក្រសួងវប្បធម៌ ប្រគល់ព្រះរាជក្រឹត្យតែងតាំងជូនចំពោះព្រឹទ្ធាចារ្យមត៌កមនុស្សរស់ថ្មី ដល់ព្រឹទ្ធាចារ្យគ្រូគុនល្បុក្កតោ និងសមាគមហ្វារពន្លឺសិល្បៈ
នៅរសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ចើញជួប សំណេះសំណាលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមត៌កមនុស្សរស់ចាស់-ថ្មី, ព្រឹទ្ធាចារ្យដែលជាគ្រូគុនល្បុក្កតោ, និងសមាគមហ្វារពន្លឺសិល្បៈនៅសាលអង្គរវត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកជំទាវ បណ្ឌិតសភាចារ្យ បានបង្ហាញនូវសេចក្តីសោមនស្សចំពោះវត្តមានរបស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ មត៌កមនុស្សរស់ទាំងចាស់-ថ្មី និងបានថ្លែងអំណរគុណចំពោះព្រឹទ្ធាចារ្យដែលជាមត៌កមនុស្សរស់ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា ការពារមត៌កវប្បធម៌របស់កម្ពុជាជាពិសេសការចូលរួមជាមួយនឹងយន្តការបន្តវេន ដើម្បីចែករំលែកចំណេះដឹងក្នុងវិស័យមត៌កវប្បធម៌ប្រពៃណីដូនតាដល់អ្នកជំនាន់ក្រោយ។ បន្ថែមជាងនេះទៅទៀតលោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះគ្រូគុនល្បុក្កតោទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំឯកសារដាក់គុនល្បុក្កតោចូលក្នុងបញ្ជីមត៌កវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។
ឆ្លៀតក្នុងឱកាសដដែលនោះ លោកជំទាវ បណ្ឌិតសភាចារ្យ បានប្រគល់ព្រះរាជក្រឹត្យតែងតាំងជូនចំពោះព្រឹទ្ធាចារ្យមត៌កមនុស្សរស់ថ្មីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។