តុលាការផ្តន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគារ​២៧ឆ្នាំពីបទក្បត់ជាតិ

ទីបំផុតទៅ​តុលាការបានសម្រេចប្រកាស​សាលក្រមសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្ស​ប្រឆាំង ក្រោយ​ពន្យារពេលអស់៥ឆ្នាំ ។ នៅ​ថ្ងៃសុក្រនេះ តុលាការ​បានសម្រេចផ្តន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស។

ជាមួយ​គ្នាតុលាការ​ក៏​សម្រេច​ដកសិទ្ធិជា​ពលរដ្ឋ​​ជាស្ថាពរ របស់លោក កឹម សុខា ដោយមិនអាចមានសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ​ឱ្យគេបោះឆ្នោតឱ្យ និងដកសិទ្ធិធ្វើនយោបាយ។

បើតាម​ការ​ប្រកាស​របស់លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រម លោក កឹម សុខា នឹង​មិន​ត្រូវ​អនុញ្ញាតឱ្យចាកចេញពីផ្ទះ និងហាមមិន​ឱ្យជនជាតិខ្មែររឺបរទេស​ទៅសួរសុខទុក្ខក្រៅពីសាច់ញាតិឡើយ។

លោក កឹម សុខា អតីត​ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស ដែល​តាម​ចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដែល​កំពុង​កាន់​អំណាច។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​តាម​ដីកា​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ថា​ជា​យានជំនិះ​សម្រាប់​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ដូច​គ្នា​នោះ។ ជាផ្នែកនៃសេចក្តី​សម្រេច​នេះ សមាជិកគណបក្សសង្គ្រោះជាតិជាង១០០ នាក់ត្រូវបានរារាំងមិនឱ្យធ្វើ​នយោបាយ​​រយៈពេល​ប្រាំឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close