អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកម្រាលថ្មភក់ជ្រុងនិរតី នៅជាន់លើបង្អស់របស់ប្រាសាទប្រែរូប
ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលឡើងវិញ កម្រាលថ្មភក់នៅជ្រុងនិរតីនៃជាន់លើបង្អស់នៃប្រាសាទប្រែរូបដែលរងការខួចខាត។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការរើកម្រាលថ្មភក់ដែលរំកិលញែកចេញពីទីតាំងដើមទាំងនោះ ដើម្បីសម្អាតនិងពង្រឹងស្រទាប់ថ្មបាយក្រៀមផ្នែកខាងក្រោម និងរៀបផ្គុំកម្រាលថ្មភក់ទៅតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអ តាមចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម «សិវលោក»ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។