ក្រសួងទេសចរណ៍ រៀបចំពិធីដាំដើមឈើ អបអរសាទរបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

កំពង់ធំ៖ នាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម តុប សុភ័ក រដ្ខលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្និងពិធីដាំដើមឈើ នៅសួនអាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្ស សរុបប្រមាណ ១៥០នាក់។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីសារៈសំខាន់នៃធនធានវប្បធម៌ និងធម្មជាតិ ក្នុងកាជំរុញកំណើនសេដ្ឋកិច្ច វប្បធម៏ បរិស្ថាន និងវិស័យទេសចរណ៍នៅកម្ពុជា។

ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវយុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” “គូស្រករមួយគូ ដើមឈើមួយដើម” សំដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិ (រួមទាំងគូស្វាមីភរិយា) ឲ្យមកទស្សនាតំបន់នោះបានច្រើនដង និងសប្បាយរីករាយជាមួយនឹងការរីកលូតលាស់នៃដើមឈើដែលពួកគាត់បានដាំ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងនូវខ្លឹមសារសំខាន់ៗទាក់ទងនឹងធនធានធម្មជាតិ និងដើមឈើ៖

– ដើមឈើជាជីវិតរបស់យើងទាំងអស់គ្នា

– ដើមឈើអាចរស់នៅដោយគ្មានមនុស្សបាន តែមនុស្សមិនអាចរស់នៅដោយគ្មានដើមឈើបានទេ

– ដើមឈើដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីដើមឈើ

ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ សិស្សានុសិស្ស ផ្នែកឯកជន និងប្រជាពលរដ្ឋ ចូលរួម គាំទ្រ និងសហការគ្នាក្នុងការជំរុញចលនាដាំដើមឈើ និងថែរក្សាការពារ និងអភិរក្សធនធានវប្បធម៏ និងធម្មជាតិ ដើម្បីជាប្រយោជន៍សម្រាប់យើងនាពេលបច្ចុប្បន្ន និងកូនចៅយើងទៅអនាគត៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close