ឯកអគ្គរាជទូតថ្មី ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យឱ្យកាន់តែខ្លាំងថែមទៀត
ភ្នំពេញ ៖ ក្នុងឱកាស បានទទួលការអនុញ្ញាតឱ្យចូលជួបជូនសារតាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ។
ឯកឧត្តមឯកអគ្គរាជទូត មានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតនេះ ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ។
សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
តាមរយៈឯកឧត្តមឯកអគ្គរាជទូត សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះមហាក្សត្រ និងជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។