ផ្លូវកាត់ទន្លេភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ គ្រោងសាងសង់នៅឆ្នាំ២០២៤ខាងមុខ
គម្រោងផ្លូវ ៥០សេ ភ្ជាប់កំពង់ឆ្នាំងទៅកំពង់ធំ ដែលស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា ដែលជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា មានប្រវែង ៥៨គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលឯកភាពឱ្យមានការសាងសង់ហើយ ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤ខាងមុននេះ។
ផ្លូវនេះត្រូវការទឹកប្រាក់ប្រមាណ ២៥០លានដុល្លារអាម៉េរិក ក្នុងនោះប្រហែល៥០លានដុល្លារអាម៉េរិក សម្រាប់ផ្លូវ និង១០០លានដុល្លារអាម៉េរិកសម្រាប់ស្ពាន។ ដ្បិតថា គម្រោងនេះត្រូវចំណាយទឹកប្រាក់ដ៏ច្រើន ទើបប្រមុខរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៩ បានបង្កើតក្រុមការងារអន្តរក្រសួងពាក់ព័ន្ធចំនួន ៦ក្រសួង រួមមាន៖ ក្រសួងសាធារណការ ក្រសួងធនធានទឹក ក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងកសិកម្ម ដើម្បីរួមគ្នាចុះសិក្សាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋអំពីផលប៉ះពាល់ជាក់ស្តែង រួចបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដែលកាលនោះសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតក្នុងការពិចារណានៅឡើយថា តើត្រូវសាងសង់ ឬក៏ត្រូវលុបគម្រោងចោល។ ប៉ុន្តែពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឱ្យសាងសង់ផ្លូវមួយនេះហើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងខ្ញុំបានធ្វើលិខិតថ្មីៗនេះគោរពស្នើសុំសម្តេចតេជោ ធ្វើយ៉ាងណាស្នើសុំថវិកាពីមិត្តចិន របស់យើង ឆ្នាំ២០២៤ ដើម្បីកសាងផ្លូវ ៥០សេនេះ ហើយសម្តេចតេជោ បានចារឯកភាពយកជម្រើសនេះ»។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រោយសិក្សាលម្អិតរួចរាល់ពីស្ថាប័នជំនាញ រួមមានក្រសួងបរិស្ថាន រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លិខិតគោរពស្នើសុំមួយត្រូវបានដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំសម្តេចស្នើសុំថវិកាពីមិត្តចិន។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ មិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីធ្ងន់ធ្ងរទេ។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវជាតិលេខ ៥០សេ ភ្ជាប់ពីផ្លូវជាតិលេខ ៦ ក្នុងខេត្តកំពង់ធំ នៅចំណុចភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅដល់ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង មានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ផ្លូវនេះដែរ ក៏មានលូប្រមាណ ១០០លូ និងស្ពាន ៥ ដែលមិនប៉ះពាល់ការចល័តរបស់មច្ឆជាតិនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។