ក្រសួងទេសចរណ៍ ចុះ​ណែនាំ​ឱ្យ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ពង្រឹង​គុណភាព ក្នុងឱកាស​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ​

​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៣ មន្ត្រី​ក្រសួងទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បាន​ចុះ​ណែ​នាំឱ្យ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​ពង្រឹងគុណភាព ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត​” នៅ​ខេត្តកំពង់ធំ ដែល​កម្មវិធី​បើកផ្លូវ​ការ​ប្រារព្ធ​ឡើង​ក្រោម​ការអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​៩ ខែមីនា នេះ​។​

​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ស្រប​ពេលដែល​ទីក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ទទួលបាន​ជ័យលាភី​ផ្ការំដួល ២​ទង ដែល​បានប្រកាស​លទ្ធផល​កាល​ពីថ្ងៃ​ទី​២៧ ខែកុម្ភៈ កន្លងទៅនេះ​។

​សូមបញ្ជាក់ថា មន្ត្រី​ក្រសួងទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បាន​ចុះ​ណែ​នាំឱ្យ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ចំនួន ៣០​ទីតាំង ដែល​ក្នុងនោះ​រួមមាន​៖ សណ្ឋាគារ​, សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, ផ្ទះ​ភ្ញៀវ​, ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​, ម៉ាស្សា​, និង​ខារ៉ាអូខេ អំពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​, នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP) និង​ការណែនាំ​ផ្សេងទៀត សំដៅ​ធានាបាន​នូវ​គុណភាព​សេវាកម្ម​បម្រើ​ជូន​ភ្ញៀវទេសចរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close