បុណ្យទន្លេលើកទី៧ ឆ្នាំនេះ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ បង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជា
ពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងទៅអនាគត» បានប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានចូលរួមតាំងពិព័រណ៍បង្ហាញវឌ្ឍនភាពការងារលើការគ្រប់គ្រងវិស័យបរិស្ថាន និងផលិតផលសហគមន៍ ជូនសាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិទស្សនាផងដែរ។
ពិធីបុណ្យទន្លេ លើកទី៧ ធ្វើឡើងក្នុងគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។
បុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលនឹងទាក់ទាញទេសចរទៅលេងកម្សាន្ត នៅតំបន់តាមដងទន្លេ និងបឹងទន្លេសាប។
ទេសចរណ៍ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ជាប្រភពចំណូលមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន ក្រោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ការលើកកម្ពស់យល់ដឹងពីសារប្រយោជន៍របស់ទន្លេ តាមរយៈការរៀបចំប្រារព្ធពិធីបុណ្យទន្លេ នឹងរួមចំណែកធ្វើឱ្យមនុស្សគ្រប់រូប កាន់តែចូលរួមចំណែកប្រើប្រាស់ ការពារ និងអភិរក្សធនធានទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់មនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត៕
ប្រភព៖ ក្រសួងបរិស្ថាន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។