បុណ្យទន្លេ នៅខេត្តកំពង់ធំ! ភ្ញៀវទេសចរជាង ១លាន២សែននាក់ បានទៅលេងកម្សាន្ត ចាប់ពីថ្ងៃ៧-១២ ខែមីនា
កំពង់ធំ៖ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណជាង១លាន២៥ម៉ឺននាក់ បានចូលទស្សនាលេងកម្សាន្តមុននិងក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បូកទាំងការបន្តលេង២ថ្ងៃក្រោយពិធីបុណ្យនេះទៀត ពោលគឺគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ នាព្រឹកថ្ងៃទី១៣ ខែមីនានេះថា «ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណ១,២៥៨,៥០០នាក់ បានចូលទស្សនាលេងកម្សាន្តមុននិងក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បូកទាំងការបន្តលេង២ថ្ងៃក្រោយពិធីបុណ្យនេះទៀតដល់ថ្ងៃទី១២»។
លោកប្រធានមន្ទីរបានបញ្ជាក់លម្អិតថា៖
* ថ្ងៃទី៧ ខែមីនា មានប្រមាណ១៨,៥០០នាក់
* ថ្ងៃទី៨ ខែមីនា ប្រមាណ៣៨៥,០០០នាក់
* ថ្ងៃទី៩ ខែមីនា ម្រមាណ៤០៥,០០០នាក់
* ថ្ងៃទី១០ ខែមីនា មានប្រមាណ៣២០,០០០នាក់
* ថ្ងៃទី១១ ខែមីនា មានប្រមាណ១១០,០០០នាក់
* ថ្ងៃទី១២ ខែមីនា មានប្រមាណ២០,០០០នាក់
សរុបចំនួន៦ថ្ងៃ មានប្រមាណ១,២៥៨,៥០០នាក់។
លោក សេង អាន បានបន្តទៀតថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។