រោងចក្រ​ផលិត​ស្បែកជើង​មួយ​របស់​ចិន រើ​ទី​តាំងពី​ក្រៅប្រទេស​មក​ផលិត​នៅ​កម្ពុជា

​ភ្នំពេញ​៖ រោងចក្រ​ផលិត​ស្បែកជើង​មួយ​របស់​ចិន ឥលូវ​នេះ​បានសម្រេច​ចិត្ត ផ្លាស់​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​វិញ អាស្រ័យ​ដោយ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​មាន​គោលនយោបាយ​ជាច្រើន​ទៀត​ក្នុងការ​លើកទឹកចិត្ត​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​។

​លោក ហ៊ូ ឆាវ​ហ៊ុយ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផលិត​ស្បែកជើង អ​ល វីន ស៊ូ បានបញ្ជាក់​បែបនេះ​ទៅកាន់​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៣ ក្នុងឱកាស​រូបលោក មានបំណង​ស្វែងរក​កិច្ច​គាំទ្រ​ការបង្កើត​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ គ្រោង​នឹង​បើក​ដំណើរការ នៅក្នុង​អំឡុង​ខែ មិថុនា ឆ្នាំ​២០២៣​ខាងមុខនេះ​។

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធាន​ក្រុមហ៊ុន​ដែលមាន​ទំនុកចិត្ត​មកលើ​កម្ពុជា ហើយ​កម្ពុជា​ក៏​សូម​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​ទាំងអស់ ដែល​បាន​បោះទុន​វិនិយោគ​នៅទីនេះ​។ ដោយ​ក្នុងនោះ កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ផលិតផល​ស្បែកជើង កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅកាន់​ទីផ្សារ​ធំៗ ដូចជា​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន​ជាដើម​។

​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា ការរក្សាបាន​ទីផ្សារ​នាំចេញ​ទាំងអស់នេះ ដោយសារតែ​កម្ពុជា បាន​អនុវត្តន៍​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សាភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​ការងារ ដោយ​ធានាបាន​នូវ​និរន្តរភាព នៃ​ការ​ការបញ្ជាទិញ​ពី​ប្រេន​ធំៗ​របស់​ពិភពលោក​។ ក្រៅពីនេះ កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​សេរី និង​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ច្រើន រួមជាមួយ​កម្លាំង​ពលកម្ម​វ័យក្មេង​របស់​កម្ពុជា ដោយ​ក្នុងនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ផ្គត់ផ្គង់​ទៅដល់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​កំពុងមាន​តម្រូវការ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

​នាឱកាស​នោះ លោក​ប្រធាន​ក្រុមហ៊ុន បាន​ជម្រាប​ពី​ប្រវត្តិ​ខ្លះៗ​របស់​ក្រុមហ៊ុន ជូន​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ដោយ​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ជិត​មួយ​ពាន់​នាក់ ដើម្បី​ផលិត​ស្បែកជើង​ឱ្យបាន​៧០​ម៉ឺន​គូរ​ក្នុង​មួយខែ ក្នុងការ​នាំចេញ​ទៅកាន់​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​។ ជាមួយនឹង​នេះ លោក​ចង់បាន​អនុសាសន៍​ណែនាំ​បន្ថែម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ចំពោះ​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា ខណៈដែល​រោងចក្រ​របស់លោក ដែល​បាន​ដំណើរការ​នៅក្នុង​ប្រទេស​ចិន និង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ចូលរួម​អនុវត្តន៍​ច្បាប់​បានល្អ​ប្រសើរ​ណាស់​។

​ជាការ​ឆ្លើយតប ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ណាស់ សម្រាប់ធ្វើ​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង នឹងមាន​យន្តការ​សម្រាប់​ដោះស្រាយ​។ ជាមួយនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន អ​ល វីន ស៊ូ អាច​ចូលរួម​ជា​សមាជិក​ជាមួយ​សមាគម​ណាមួយ ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​លើ​ផ្នែក​ច្បាប់ និង​ការការពារ​ពី​ខាង​សមាគម​។

​ជា​ចុងក្រោយ ឯកឧត្តម​មន្ត្រី ក៏បាន​ស្នើ​ដល់​ក្រុមហ៊ុន​ចូលរួម​គោរព​ច្បាប់​របស់​កម្ពុជា ជាពិសេស​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្តីពី​សហជីព គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ពាក់ព័ន្ធ​វិស័យ​ការងារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close