សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែមីនា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​សឹង​ពោធិ៍សាត់​១​រួចហើយនោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ធ្វើដំណើរ​មកកាន់​កន្លែង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់ និង​ជួប​កម្មករ កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅ​ការដ្ឋាន​នេះ​ផងដែរ​។

​សូមជម្រាបថា វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ មាន​អានុភាព​ប្រមាណ ៨០​មេ​ហ្កា​វ៉ា​ត់ មាន​ទីតាំង​ស្ថិតនៅតាម​ដងស្ទឹង​ពោធិ៍សាត់ ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩​។​ ​បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ក្នុងការ​សាងសង់ និង​វិនិយោគ​រួចមក ក្រុមហ៊ុន​បាន​ខិតខំ​ស្វែងរក​ប្រភព​ទុនវិនិយោគ និង​ក្រុមហ៊ុន​ដៃគូ​សាងសង់​ដែលមាន​បទពិសោធន៍​ខ្ពស់ ដោយបាន​ជ្រើស​យក​ក្រុមហ៊ុន Power China មកពី​ប្រទេស​ចិន ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​សាងសង់​គម្រោង​វា​រី​អគ្គិសនី​នៅ​កម្ពុជា​នាពេល​កន្លងមក​។​

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​បច្ចុប្បន្ន​ក្រុមហ៊ុន បាន​យកចិត្តទុកដាក់​សាងសង់ និង​សម្រេចបាន​លទ្ធផល​មួយចំនួន​រួមមាន បោសសំអាត​មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​លើ​ផ្ទៃដី ៥៦៦​ហិកតា​, កាប់ឆ្ការ​ព្រៃ​នៅ​ទីតាំង​សំខាន់ៗ​របស់​គម្រោង​លើ​ផ្ទៃដី​ទំហំ ៥៦៦​ហិកតា ព្រមទាំង​បាន​សាងសង់​ផ្លូវ​ចូលទៅ​កាន់​ទំនប់ និង​ទីតាំង​សំខាន់ៗ​របស់​គម្រោង​សរុប​ជិត ៣៦​គីឡូម៉ែត្រ​។​ ​គម្រោង​កំពុងដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយចំនួនទៀត ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​
​ព្រមទាំង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៦​ខាងមុខ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close