រមាំង ឬល្មាំង មានឈ្មោះវិទ្យាសាស្ត្រ Cervus eldii
រមាំង៖ ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅ ប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅជាហ្វូង តាមតំបន់ទំនាបក្នុងព្រៃល្បះ ដែលសម្បូដោយ ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ រួមជាមួយ ថ្លុក បឹង ត្រពាំង និងវាលស្រែ នៃបណ្តាខេត្តមួយចំនួនរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
រមាំងជាថនិកសត្វ តិណាសី និងមិនសូវផ្អើល មានមាឌតូចជាងប្រើស តែធំជាងឈ្លូសបន្តិច រមាំងឈ្មោលមាឌធំជាង រមាំងញី និងមានសម្បុរលឿងស្រអាប់ ឬ លឿងក្រម៉ៅ មានអុចៗស នៅចំហៀងខ្លួន ក្រោមពោះ និងក ពណ៌ស។
ស្នែងរបស់វាខុសពីប្រើស និងឈ្លូស ដោយនៅគល់ស្នែងមានបែកខ្នែងពី មួយស្រួចគ្របលើ ចិញ្ចើមដុះលយទៅមុខ និងមួយទៀតដុះឡើងលើពេនចេញមកក្រៅហើយកោងខុបទៅមុខ នៅចុង ស្នែងរាងសំប៉ែតបែកជាម្រាម ហើយវាតែងជម្រុះស្នែងរាល់ឆ្នាំ ជាពិសេសនៅរដូវវស្សាដែលជារដូវសម្បូរ ចំណីអាហារសម្រាប់ការលូតលាស់ស្នែងថ្មីរបស់វា ប៉ុន្តែមានតែរមាំងឈ្មោលទេដែលមានដុះស្នែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។