ទាហានថៃស្ទាក់ចាប់ម៉ូតូសេរីទំនើប​អត់ពន្ធជិត៤០គ្រឿង ដែលបម្រុងលួចឆ្លងដែនចូលកម្ពុជា

ទាហានថៃបានស្ទាក់ចាប់ម៉ូតូសេរី​ទំនើបអត់ពន្ធចំនួន៣៧គ្រឿង ក្បែរព្រំដែនស្ថិតនៅភូមិណនគីលែក ឃុំប៉ានសឿក ស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ទល់នឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ដែលបម្រុងលួចនាំចូលមកលក់ឱ្យកម្ពុជា។

យោងតាមភាគីថៃបានឱ្យដឹងថា ទាហានថៃបានធ្វើការស្រាវជ្រាវហើយឃាត់ជាបន្តបន្ទាប់នៅតាមផ្ទះក្បែរព្រំដែន ស្ទាក់ចាប់ម៉ូតូចំនួន៣៧គ្រឿងដែលបម្រុងលួចឆ្លងដែននាំចូលមកកម្ពុជា។ ប្រភពដដែលបន្តថា​ ម៉ូតូដែលចាប់បានទាំងនោះជាប្រភេទម៉ូតូសេរីទំនើបហើយថ្មី ដែលជនជាតិថៃ និងខ្មែរមួយចំនួនតូចរស់នៅប្រទេសថៃបានទិញបង់រំលួសរួចយកមកលក់ឱ្យឈ្មួញថៃនៅច្រកព្រំដែន ហើយបម្រុងនាំចូលមកកម្ពុជាតែត្រូវបានទាហានថៃចាប់យកត្រឡប់ទៅវិញ។ ក្រោយចាប់បាន ទាហានថៃសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកណាំបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីចាត់ការតាមច្បាប់។

គួររំលឹកផងដែរថា កាលពី២សប្តាហ៍កន្លងទៅ មន្ត្រីគយ និងរដ្ឋាករបានចុះបង្ក្រាបម៉ូតូគ្មានពន្ធក្នុងក្រុងប៉ោយប៉ែត ដោយចាប់បានម៉ូតូសេរីទំនើបដែលអត់ពន្ធជាង២០គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close