អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​រៀបចំ​សិក្ខាសាលា​ស្តីពី “​ទិសដៅ​នៃ​ការពង្រឹង​យន្តការ និង​គោលការណ៍​នយោបាយ​ព័ត៌មាន​”

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប​បា​ម​រៀបចំ​ពិធី​បើក​អង្គសិក្ខាសាលា​ស្តីពី “​ទិសដៅ​នៃ​ការពង្រឹង​យន្តការ និង​គោលនយោបាយ​ព័ត៌មាន​” ជូន​ដល់​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រីរាជការ មកពី​ខេត្ត​ចំនួន ៤ រួមមាន ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ កំពង់ធំ និង​ខេត្តព្រះវិហារ សរុប​ជាង ២០០ នាក់ ក្រោម​អធិបតីភាព​លោកស្រី ម៉ន​នី រង្សី អភិបាលរង​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល​ខត្ត​និង​លោក ឱម ច័ន្ទ​តា​រ៉ា ជំនួយការ​អម​ទីស្ដីការ​គណៈ​រដ្ឋ មន្ត្រី និង​ជាទី​ប្រឹក្សា​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​លោកស្រី ម៉ន​នី រង្សី បាន​លើកឡើងថា ដើម្បី​បង្កើន​ចំណេះដឹង និង បទពិសោធន៍​ថ្មីៗ បន្ថែមទៀត សំដៅ​លើកកម្ពស់​ពង្រឹង​យន្តការ និង​គោលការណ៍​នយោបាយ​ព័ត៌មាន សម្រាប់​ការប្រាស្រ័យ​ទំនាក់ទំនង ជាមួយ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន និង​មជ្ឈដ្ឋាន នានា ប្រកបដោយ​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​សមធម៌ ដោយ​ធ្វើការ​បំផុស រំលេច សមិទ្ធផល​សម្រេចបាន​ពិតៗ និង​គោលការណ៍​ផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ជាពិសេស​រំលេច​នូវ​ស្នាដៃ​ដ៏​ធំធេង ជាម​រតក​ប្រវត្តិសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន ៤ ចំណុច សំខាន់ៗ ទី​១- ស្នាដៃ​ប្រវត្តិសាស្ត្រ ផ្តើមចេញពី​រណសិរ្ស​រួបរួម​ជាតិ ដើម្បី​សង្គ្រោះ​ជាតិ និង​អាយុជីវិត ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យពូជសាសន៍​, ទី​២- រណសិរ្ស ដើម្បី​បញ្ចប់ សង្គ្រាម ស្វែងរក​ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជម្លោះ​ប្រដាប់អាវុធ​នៅ​កម្ពុជា ឈានទៅ​សម្រេចបាន នូវ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ តុលា ១៩៩១ , ទី​៣- គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល , ទី​៤-​ការអនុគ្រោះ យោគយល់ សម្រាប់​ជន​តាំងខ្លួន​ជា​អ្នក​ភៀសខ្លួន​នយោបាយ ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ និង​ការរួបរួម​ជាតិ ដើម្បី​វឌ្ឍនភាព​រួម ក្នុងទិសដៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។

លោកស្រី​អភិបាលរង​ខេត្ត ក៏បាន​គូសបញ្ជាក់ថា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូ​ស្រាល ខេត្តសៀមរាប​ក្នុងពេល​កន្លងមក បានទទួល​ស្វាគមន៍​ប្រតិភូ​ជាន់ខ្ពស់​ថ្នាក់ជាតិ អន្តរជាតិ​នៃ​កិច្ចប្រជុំ​អាស៊ាន​ការពារជាតិ និង ត្រៀមលក្ខណៈ ទទួល​ស្វាគមន៍​ការ​យាន​និង​អញ្ជើញ​របស់​ព្រះករុណា និង សម្តេចនាយក​រដ្ឋមន្ត្រី ក្នុងការ​ប្រទាន​ភ្លើង​គុប​កីឡា ស៊ី​ហ្គែ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ព្រមទាំង​ជាទី​កន្លែង​ការ​ជឹះ​កង់​ផងដែរ​។

​លោកស្រី​ក៏បាន​បញ្ជាក់ថា តួនាទី​ជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្ត មន្ទីរ អង្គភាព គឺមាន​លក្ខណៈ​សំខាន់ និង មាន​ភាពរហ័សរហួន​ទៅនឹង​ស្ថានភាព​ដែល​កើតឡើង និង ត្រូវមាន​ចំណេះដឹង​ខ្ពស់​ទៀតផង​។ វិស័យ​ព័ត៌មាន ជាការ​ងា​រស​ត្តិ​អារម្មណ៍​នយោបាយ និង ជាមួយនឹង​ស្មារតី នៃ​បទពិសោធន៍​ជា​មូលដ្ឋានគ្រឹះ នៃ​វិស័យ​ព័ត៌មាន​របស់​រដ្ឋ ក្នុងទិសដៅ​កសាង​ឲ្យ​បាន​នូវ​អភិបាលកិច្ច​ល្អ លើ​វិស័យ​ព័ត៌មាន​ថ្នាក់ក្រោម​ជាតិ និង ដើម្បី​ជម្រុញ​ប្រសិទ្ធភាព​នៃ​ការ​ផ្សព្វ ផ្សាយ​បំផុស​ព័ត៌មាន ឲ្យ​កាន់តែ​នៅ​កៀក​ប្រជាពលរដ្ឋ​គ្រប់​មធ្យោបាយ ក្នុងការ​បំផុស និង រំលេច​នូវ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ។
​លោកស្រី​សង្ឃឹម​ជឿជាក់ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ គឺមាន​គោលការណ៍ ក្នុង​កិច្ចពង្រឹង និង​រំលេច​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ នូវ​រាល់​អន្តរ​វិស័យ នៅ​ជុំវិញ​រដ្ឋបាលខេត្ត ដែល​បានផ្តល់​សេវាសាធារណៈ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយនឹង​កិត្យានុភាព ឧត្តមភាព​នៃ​ការដឹកនាំ​រាប់​តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។

​តាម​បទ​បង្ហាញ​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដែល​បានបញ្ជាក់​យ៉ាងច្បាស់​លាស់ អំពី​យុទ្ធសាស្ត្រ វិធីសាស្ត្រ ជា​មូលដ្ឋានគ្រឹះ នៃ​វិស័យ​ព័ត៌មាន​របស់​រដ្ឋ ក្នុងទិសដៅ​កសាង​ឲ្យ​បាន​នូវ អភិបាលកិច្ច​ល្អ នៃ​វិស័យ​ព័ត៌មាន នៅ​ថ្នាក់ក្រោម​ជាតិ ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ចូល​កៀក​ប្រជាពលរដ្ឋ ។ ជាពិសេស ត្រូវអនុវត្ត វេទិកា​សន្ទនា​ឆ្លើយឆ្លង រវាង​មន្ត្រី​ព័ត៌មាន និង​មន្ទីរ​វិស័យ​ជំនាញ​ជុំវិញ​ខេត្ត ដើម្បី​ផ្ដល់ ការយល់ដឹង ជា​សាធារណៈ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ភាព​ស័ក្ដិសិទ្ធិ ដើម្បី​ចូលរួម​សម្រេចបាន នូវ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ក្នុង​កិច្ច​ថែរក្សា​ការពារ​សិទ្ធ​ដ៏​ធំធេង ដូចជា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ប្រទេស ដែលជា​គោលជំហរ​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close