ក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណគេហទំព័រព័ត៌មាន និងសមាគមសារព័ត៌មានចំនួន៣ ដោយសារប្រព្រឹត្តិខុស​ក្រម​សីលធម៌វិជ្ជាជីវៈ

ក្រសួងព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីសម្រេចចំនួន៣ផ្សេងៗគ្នា ដោយធ្វើការលុបចោល​នូវអាជ្ញាប័ណ្ណសារព័ត៌មាន, អាជ្ញាប័ណ្ណគេហទំព័រ និងសមាគមអ្នកសារ​ព័ត៌មាន ដោយ​សារ​តែប្រព្រឹត្ត​ខុស​ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

កាសែត គេហទំព័រ និងសមាគម ដែលក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណនោះ រួមមាន៖

​១.កាសែត «ដំណឹងក្នុងស្រុក» ដែលមានលោក ជា សារ៉េន ជាម្ចាស់ ដែលធ្វើអាជីវកម្មផ្សព្វផ្សាយតាមកាសែត មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ EA ៧០២៩ ផ្លូវលំ ក្រុម៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២.គេហទំព័រ «រស្មីកំពង់ចាម (www.rkc-news.com)» ដែលមានលោកស្រី ស៊ី មុយឡេង ជាម្ចាស់មានអាសយដ្ឋានស្ថិតនៅក្នុងភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

និង ៣.ណសមាគម «អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន (ស.អ.ក.អ)» ដែលមានអាសយដ្ឋាននៅផ្ទះលេខ៦៦១A ផ្លូវលេខ៧១K ក្រុមទី៩ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផងដែរ។

ក្រសួងព័ត៌មានបានបញ្ជាក់ហេតុផលថា ស្ថាប័នទាំងនោះបានប្រព្រឹត្តិកំហុសខាងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងព័ត៌មាន ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close