ក្រសួងទេសចរណ៍ ជូនដំណឹង​ឱ្យ​ភ្ញៀវ​ទៅ​ទស្សនា «​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​»

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី «​បាតុភូតធម្មជាតិ​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​» ឬ EQUINOX ​ដែល​កើតឡើង​ចន្លោះ​ថ្ងៃទី​២០ ឬ​២១ ឬ​២២ ឬ​២៣ ខែមីនា ឆ្នាំ​២០២៣ ហើយ​ដែលជា​ទស្សនីយភាព​ពិ​សេសមួយ​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។​

​គួរ​ជម្រាប​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត (EQUINOX) កើត​ឡើងជា​រៀងរាល់ឆ្នាំ​ចំនួន​២​លើក នៅ​ខែមីនា​ម្ដង និង​ខែកញ្ញា​ម្ដងទៀត​។ ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទអង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ​បាន​កសាងឡើង​ដោយមាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយនឹង​ធម្មជាតិ​រវាង​ផែនដី និង​ព្រះអាទិត្យ​យ៉ាងច្បាស់​លាស់​គួរ​ស្ញប់ស្ញែង​ជាទីបំផុត​។​

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២៣ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៣ ខែមីនា ចាប់ពី​ម៉ោង​៥៖៣០​នាទី​ព្រឹក ដល់​ម៉ោង​៧៖០០​នាទី​ព្រឹក ដែលជា​រៀងរាល់ឆ្នាំ​តែងមាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា និង​ផ្តិត​យក​រូបភាព​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។​

​ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ដល់​គ្រប់​សមាគម​ទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទូទៅ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ដៃគូ​ពាក់ព័ន្ធ និង​ទៅ​ទស្សនា ផ្តិត​យក​រូបភាព​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣» ក្រោម​ពាក្យស្លោក «​គ្រប់​ថ្ងៃ​គឺជា​អច្ឆរិយ​ភាព​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close