ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យ រំលាយសភា
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភា នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលចុះផ្សាយក្នុង Royal Gazette នៅថ្ងៃចន្ទ ទី២០ ខែមីនា ជាការបើកផ្លូវសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភា។
ព្រះរាជ្យក្រឹត្យដែលបានចេញកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ បានចូលជាធរមាននៅថ្ងៃចន្ទនេះ។ ច្បាប់រដ្ឋធម្មនុញថៃចែងថា ការបោះឆ្នោតនឹងត្រូវរៀបចំនៅចន្លោះ ៤៥ថ្ងៃ និង៦០ថ្ងៃ ក្រោយរំលាយសភា ដែលនេះមានន័យថា ការបោះឆ្នោតនឹងរៀបចំឡើង នៅចន្លោះថ្ងៃទី៤ និងថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។
ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទពិតប្រាកដនឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនិងចុះផ្សាយនៅលើទំព័រកាសែត Royal Gazette។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានស្នើសុំព្រះរាជក្រឹត្យ ដើម្បីរំលាយសភាមុនបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំ របស់លោកនៅថ្ងៃទី២៣ ខែឧសភាខាងមុខ។
គួរឲ្យដឹងថា ថៃបានរៀបចំការបោះឆ្នោតលើកមុនរបស់ខ្លួន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ជាការចាប់ផ្តើមអន្តរកាលពីរបបយោធារយៈពេលជិត ៥ឆ្នាំ ឆ្ពោះទៅកាន់រដ្ឋាភិបាលបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ។
នៅពេលនោះ លោកឧត្តមសេនីយ៍ Prayut មេដឹកនាំរបបសឹក ដែលជាបេក្ខជនមកពីគណបក្ស Palang Pracharat បានឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃ។ លោកបានធ្វើរដ្ឋប្រហារយោធានៅឆ្នាំ២០១៤ ដើម្បីរឹបអូសអំណាចពីរដ្ឋាភិបាលឈ្នះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Yingluck Shinawatra៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។