អាជ្ញាធរ​ជាតិ​អប្សរា​ភ្ជាប់​ភ្លុក​ដំរី​ចំនួន​មួយ​ទៅ​ក្បាលដំរី​កណ្តាល​របស់​ដំរី​ក្បាល​បី​នៅ​ជ្រុង​អ​គ្នេ​យ៍​នៃ​ខ្លោងទ្វារ​តា​កាវ​

​ក្រុមការងារ​បច្ចេកទេស​ជួសជុល និង​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ត​ភ្ជាប់​ភ្លុក​ដំរី​ចំនួន​មួយ​ទៅ​ក្បាលដំរី​កណ្តាល​ផ្នែក​ខាងស្តាំ​របស់​ដំរី​ក្បាល​បី​នៅ​ជ្រុង​អ​គ្នេ​យ៍​នៃ​ខ្លោងទ្វារ​តា​កាវ​។ ការភ្ជាប់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​ធ្វើ​កំណាយ​រកឃើញ​ភ្លុក​ដំរី​។

​លោក មុំ សុ​ផុន មន្ត្រី​បច្ចេកទេស​ជួសជុល​និង​អភិរក្ស​ថ្ម បាន​លើកឡើងថា​ក្រុមការងារ​បាន​កំណាយ​សម្អាត​កំណ​កដី​នៅ​បរិវេណ​ជុំវិញ​ខ្លោងទ្វារ​តា​កាវ​បាន​រកឃើញ​បំណែក​ភ្លុក​ដំរី​ចំនួន​២ ទី​១​ស្ថិតនៅ​ជ្រុង​ដំរី​ក្បាល​ទិសអាគ្នេយ៍ និង​ទី​២​បានឃើញ​នៅ​ជ្រុង​ដំរី​ក្បាល​បី​ទិសនិរតី​។ ក្នុងចំណោម​ភ្លុក​ដំរី​ទាំង​២ មាន​តែមួយ​ប៉ុណ្ណោះ​ដែលមាន​រូបរាង​ពេញលេញ និង​រកឃើញ​ទីតាំង​ដើម គឺ​នៅ​ក្បាលដំរី​កណ្តាល​ផ្នែក​ខាងស្តាំ ជ្រុង​អាគ្នេយ៍​របស់​ខ្លោងទ្វារ ដែលមាន​បណ្តោយ ០.៤៤​សង់ទីម៉ែត្រ ទទឹង ០.២៣​សង់ទីម៉ែត្រ កម្រាស់ ០.២០​សង់ទីម៉ែត្រ​។ ចំណែក បំណែក​ភ្លុក​ដំរី​ទី​២ បាក់​ផ្នែក​កណ្តាល​មិនមាន​រូបរាង​ពេញ​អាច​សម្គាល់ថា នៅ​ទីតាំង​ណាមួយ​នៃ​ដំរី​ក្បាល​បី​ទាំងនោះ​បានឡើយ​។

​មន្ត្រី​បច្ចេកទេស​រូបនេះ ឱ្យដឹងទៀតថា ការតភ្ជាប់​បំណែក​ភ្លុក​ដំរី​ទៅ​ទីតាំង​ដើម គឺ​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​ឱ្យ​សាធារណជន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បានឃើញ​នូវ​រូបរាង​ពេញលេញ​របស់​ដំរី​ដែល​ដូនតា​ខ្មែរ​យើង​បាន​ឆ្លាក់ គឺមាន​ភ្លុក​ក្នុង​ទម្រង់​បែបណា និង​ជាពិសេស​លើក​តម្លៃ​ប្រវត្តិ​សិល្បៈ ដែល​ដូនតា​បាន​បន្សល់​ទុកឱ្យ គឺ​មិន​បាត់​សាបសូន្យ​ទាំងស្រុង​នោះទេ​។

​ក្នុងនាម​ជា​អ្នក​ជួសជុល និង​អភិរក្ស​ថ្ម​មួយរូប លោក មុំ សុ​ផុន គិតថា នេះ​ជាការ​ល្អ​ណាស់​ដែល​ភ្លុក​ដំរី​ដែល​បាន​បាក់​កប់​ទៅក្នុង​ដី​ជា​យូរ​ឆ្នាំ​មកហើយ ត្រូវបាន​រកឃើញ​មកវិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ក៏បាន​រកឃើញ​ទីតាំង​ដើម​វិញ ហើយ​សាធារណជន​អាចមក​ទស្សនា​ស្វែងយល់បាន នៅ​ខ្លោងទ្វារ​តា​កាវ​ជ្រុង​អាគ្នេយ៍ ព្រោះ​ចម្លាក់​ដំរី​ក្បាល​បី​ដែលមាន​ភ្លុក​ពេញលេញ កម្រ​ឃើញ​មាននៅ​សេសសល់​តាម​ខ្លោងទ្វារ​ចេញចូល​ក្រុង​អង្គរធំ​ទាំង​៥៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close