សប្ដាហ៍​ទី​៤​ ខែ​មីនា កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជាង ៣០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ សប្ដាហ៍​ទី​៤ ចាប់ពី​ថ្ងៃទី​២០-២៦ ខែមីនា ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​ផ្ទៃក្នុង​សរុប​ចំនួន​៣០៤,៩៦៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២៥៦,០៩៤​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​៤៨,៨៧០​នាក់​។

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៦៩,៤៧៧​នាក់​
* រាជធានី​ភ្នំពេញ ៣៨,៧៧៣​នាក់​
* ខេត្តសៀមរាប ៣៧,៣៩៤​នាក់​
* ខេត្តបាត់ដំបង ២៥,៩៧៤​នាក់​
* ខេត្តកំពត ២៤,៩២៩​នាក់​
* ខេត្តស្វាយរៀង ១៨,២៤១​នាក់​
* ខេត្តកំពង់ចាម ១៥,៤០២​នាក់​
* ខេត្តពោធិ៍សាត់ ១០,៦៩៩​នាក់​។​

​នា​សប្តាហ៍​កន្លងមក ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​បាន​ទៅ​ទស្សនា​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​កាល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា ហើយក៏​ចំ​ថ្ងៃ​ដែល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត (​សម​រាត្រី Equinox) មាន​ចំនួន​៨,៧២៦​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន​២,២២៦​នាក់​។​

​សណ្ឋាគារ ផ្ទះសំណាក់ និង​សេវា​ស្នាក់នៅ​ទេសចរណ៍​នៅតាម​គោល​ដោ​ទេសចរណ៍​សំខាន់ៗ ដូចជា ខេត្តសៀមរាប តំបន់ឆ្នេរ ពិសេស​ខេត្ត​ព្រះសីហនុ និង​ខេត្តមណ្ឌលគិរី​ជាដើម បានទទួល​ការ​កក់​ជា​បណ្តើរៗ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ ខណៈដែល​ក្រុមហ៊ុន​ទេសចរណ៍ និង​ការី​ទេសចរណ៍​នានា​ក៏បាន​លក់​កញ្ចប់​ទស្សន​កិច្ច​សម្រាប់​ភ្ញៀវទេសចរ​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​នេះ ពិសេស​កញ្ចប់​ទស្សនកិច្ច​សម្រាប់​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​។​

​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​បាននិងកំពុង​ខិតខំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ដែល​ក្រសួងទេសចរណ៍​បានដាក់​ចេញ​កាលពី​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០២៣ ស្តីពី​ការរៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ និង​ការពង្រឹង​គុណភាព​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ពិសេស​ការបញ្ជាក់​បង្ហា​ញ​តម្លៃ​សេវា និង​ការប្រើប្រាស​អក្សរ​ជាតិ​លើ​តារាង​តម្លៃ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close