អាជ្ញាធរ បើកឲ្យប្រើបណ្តោះអាសន្ន ស្ពានហាលមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សៀមរាប៖ ស្ពានហាលមុខអង្គរវត្ត បើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ ដែលត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ និងដើម្បីឲ្យការរៀបចំខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅរមណីយដ្ឋានអង្គរប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបើកឲ្យប្រើប្រាស់ ស្ពានហាលប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
សូមជម្រាបជូនថា ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផល បានប្រមាណ ៩០%ចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។