៣ខែ ដើមឆ្នាំនេះ! កម្ពុជា នាំចេញទំនិញជាង ៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ
ភ្នំពេញ៖ រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានជាង ៥.៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
តាមទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ៥.៣ពាន់លានដុល្លារ ថយចុះ៥.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៥.៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២១.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារ។
ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ថយចុះ១៤.៥%។
តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផលិតផលសម្លៀកបំពាក់ ត្រូវបាននាំចេញក្នុងតម្លៃ ១.៦ពាន់លានដុល្លារ , ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦លានដុល្លារអាមេរិក, ស្បែកជើងនាំចេញបាន ៣២៣លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជានាំពាក្យនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីពេលថ្មីនេះថា ការនាំចេញធ្លាក់ចុះនៅដើមឆ្នាំនេះ ដោយសារក្នុងឆ្នាំនីមួយៗ មានរដូវកាលដែលត្រូវនាំចេញ។ ជាក់ស្តែងកម្ពុជា ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ជាដើម គឺចាំបាច់ត្រូវគោរពតាមការបញ្ជាទិញ ដែលតម្រូវឱ្យនាំចេញក្នុងខែណាមួយ។ ស្របពេលជាមួយគ្នា កសិផលនៅដើមឆ្នាំនេះ ក៏មិនទាន់ប្រមូលផលដែរ អាចនាំចេញបានច្រើននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។