កម្ពុជា និង​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​បន្ថែម​

​ភ្នំពេញ​៖ កម្ពុជា​បាន​ឯកភាព​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន លើ​ការបន្ត​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរណ៍​បន្ថែមទៀត បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សំដៅ​ទាក់ទាញ​កំណើន​ទេសចរ​ពីគ្នា​ទៅវិញទៅមក និង​ទេសចរ​ប្រទេស​ទី​៣​។​ ​ការឯកភាព​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ តំណាង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​គណៈប្រតិភូ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ដឹកនាំ​ដោយ​លោក ស្ស៉ឺ ចុង​ជុន (Shi Zhongjun) អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៣​។​

នាឱកាស​នោះ ភាគី​ទាំង​ពីរបាន​រំឭក​ពី​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដែល​បានធ្វើ​ជាមួយគ្នា​កន្លងមក ក្នុងនោះ​ក៏មាន​វិស័យ​ទេសចរណ៍​ផងដែរ ប៉ុន្តែ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ កិច្ច​សហប្រតិបត្តិ​មួយចំនួន​ក៏ត្រូវ​អាក់ខាន​ទៅវិញ ហើយ​សកម្មភាព​ទេសចរ​ទៅមក​ប្រទេស​ទាំងពីរ​ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។ មកដល់​ឆ្នាំ​២០២៣​នេះ ពោលគឺ​ក្រោយពេល​រដ្ឋាភិបាល​ចិន​បន្ធូរបន្ថយ​ការធ្វើដំណើរ​សម្រាប់​អ្នកដំណើរ និង​ភ្ញៀវទេសចរ​នា​ដើមឆ្នាំ​២០២៣​នេះ​ទេ ទើប​មាន​ភ្ញៀវទេសចរ​ទៅមក​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ឡើងវិញ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដក​របាំង​នៃ​ការធ្វើដំណើរ​ទាំងឡាយ​អស់ហើយ​ដែរ​។​

​លោក ស្ស៉ឺ ចុង​ជុន បាន​បញ្ជាក់ថា ការធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​លើកដំបូង​បន្ទាប់ពី​កូ​វីដ​នេះ គឺ​ដើម្បី​បន្ត​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា​ឡើងវិញ ពិសេស​គឺ​វិស័យ​ទេសចរណ៍ ដែលជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​យ៉ាងសំខាន់​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​អគ្គលេខាធិការ​បា​ន​បន្តថា មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​នឹង​រៀបចំ​ឱ្យមាន​សកម្មភាព​រួមគ្នា​រវាង​អាស៊ាន​-​ចិន ពិសេស​ជាមួយ​ភាគី​កម្ពុជា ដូចជា​ការធ្វើ​ពិព័រណ៍​ផ្សព្វផ្សាយ​ពី​គោល​ទេសចរណ៍​នៅ​កម្ពុជា​និង​នៅ​ចិន​, ការបណ្ដុះបណ្ដាល​ជំនាញ និង​មគ្គុទ្ទេសក៍​ខ្មែរ​និយាយ​ភាសា​ចិន​, ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​កម្ពុជា​និង​ចិន ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​, ការជំរុញឱ្យ​មានការ​ហោះហើរ​ត្រង់​ដឹក​អ្នកដំណើរ​ទៅកាន់​គោលដៅ​ឱ្យបាន​ច្រើន និង​ញឹកញាប់​ជាមុន​, ការជំរុញ​ចរន្ត​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មកកាន់​ប្រទេស​កម្ពុជា ក៏ដូចជា​ការបង្កើន​ផលិតផល​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​ចិន និង​ទេសចរ​បរទេស​ដទៃទៀត​ជាដើម​។​

​នាឱកាស​នោះ ឯកឧត្តម ទិ​ត ចន្ថា បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ខាងលើនេះ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​កំណើន​ទេសចរ​ទៅមក​ប្រទេស​ទាំងពីរ​បន្ថែម ក៏ដូចជា​រួមចំណែក​ក្នុងការ​ទាក់ទាញ​ទេសចរ​ប្រទេស​ទី​៣​ឱ្យមក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។​ ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ​បាន​បន្តថា កម្ពុ​ជាមាន​ទុន​សុខសន្តិភាព​ជា​កត្តា​សំខាន់បំផុត ក្រៅពីនោះ​ក៏​កំពុងមាន​ការអភិវឌ្ឍ និង​ជា​គោលដៅ​សំខាន់​មួយ​សម្រាប់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី ពិសេស​គឺ​មកពី​ទីផ្សារ​ទេសចរណ៍​ប្រទេស​ចិន​។​

​ឯកឧត្តម​បានបញ្ជាក់​ទៅកាន់​ប្រតិភូ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​ថា នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ផ្ទៃក្នុង​បានចេញ​ដើរលេង​កម្សាន្ត​ប្រមាណ​ជាង​១៣​លាន​នាក់ ដែល​ស​បញ្ជាក់ថា​កម្ពុជា​ជា​គោលដៅ​មាន​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ ដោយ​រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​ល្អ ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដើរលេង​គ្មាន​ទុក្ខព្រួយ​។​ ​ឯកឧត្តម ទិ​ត ចន្ថា បានបញ្ជាក់​បន្ថែម​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុង​ឆ្នាំ​២០២៣​នេះ កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៤​លាន​នាក់ ក្នុងនោះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ​១​លាន​នាក់​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close