មនុស្ស​ជាង ៦០​នាក់ ស្លាប់ និង​របួស ក្នុង​ហេតុការណ៍​ផ្ទុះ​អគារ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម នៅ​ប្រទេស​ប៉ា​គី​ស្ថាន​

​អ៉ី​ស្លា​ម៉ា​បាដ​៖ អាជ្ញាធរ​ប៉ា​គី​ស្ថាន​បានឱ្យដឹងថា កាលពី​ថ្ងៃ​ចន្ទ ប​ន្ទុះ​ចំនួន​ពីរបាន​កើនឡើង​នៅ​អគារ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម (CTD) ដែល​ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស ហើយ​បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាងហោច​១២​នាក់ និង​បង្ក​ឱ្យ​របួស​ជាង​៥០​នាក់​ផ្សេងទៀត​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែមេសា ឆ្នាំ​២០២៣​។​

​ហេតុការណ៍​ខាងលើ​បានកើត​ឡើង នៅ​ក្រុង​កា​បាល (Kabal) នៃ​ស្រុក​ស្វាត (Swat) ក្នុង​ខេត្ត​ហៃ​បើ ប៉ាក​ទុង​ក្វា (Khyber Pakhtunkhwa)​។ មន្ត្រីប៉ូលិស​ម្នាក់​នៅ​ក្រុង​កា​បាល បាន​និយាយថា ហេតុការណ៍​ផ្ទុះ​នោះ ហាក់​មិនមែនជា​អំពើ​ភេរវកម្ម​ឡើយ ដោយ​ពួកវា​ទំនងជា​ត្រូវបាន​បង្កឡើង​សារធាតុ​ផ្ទុះ ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​អគារ CTD ផ្ទាល់​។ បើតាម​មេ​ប៉ូលិស​ខេត្ត ហៃ​បើ ប៉ាក​ទុង​ក្វា វិញ គឺ​ពិត​ជាមាន​កន្លែង​រក្សាទុក​គ្រាប់រំសេវ​ក្នុង​អគារ​កើតហេតុ​មែន ប៉ុន្តែ​ប៉ូលិស​កំពុងធ្វើការ​ស៉ើ​ប​អង្កេត ដើម្បី​កំណត់ឱ្យ​ជាក់ច្បាស់​ថា តើ​អ្វី​ពិតប្រាកដ ដែល​បាន​បង្ក​ជាការ​ផ្ទុះ​នោះ ឬក៏​ថា​តើ​វា​ជាការ​វាយប្រហារ​ឬ​យ៉ាងណា​។​

​គួរ​បញ្ជាក់ថា ចាប់​តាំងពីដើម​ឆ្នាំនេះ ការវាយប្រហារ​ភេរវកម្ម​ចំនួន​២ ទៅលើ​មូលដ្ឋាន​ប៉ូលិស​ធំៗ​ពីរ​កន្លែង នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន គឺមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន ដែល​ហៅ​កាត់​ថា TTP​។ ដោយឡែក ភាគច្រើន​នៃ​អ្នក​ដែល​បាន​បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​កាលពី​ថ្ងៃ​ចន្ទ គឺជា​មន្ត្រីប៉ូលិស​ប្រឆាំង​ភេរវកម្ម ខណៈ​ស្ត្រី​ម្នាក់​និង​កូន ដែល​ធ្វើដំណើរ​កាត់​អគារ​នោះ ក៏បាន​ស្លាប់​ផងដែរ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close