កម្ពុជា សមាជិក​អាស៊ីអាគ្នេយ៍​ដំបូង​បំផុត នៃ​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ ITF ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​គម្រោង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ី

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​គម្រោង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ី (Sustainable Infrastructure Programme in Asia) រួមជាមួយ​លោក​បណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃ​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Forum – ITF) ដោយមាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ លោក លោកស្រី​តំណាង​ប្រទេស​ជា​សមាជិក ITF និង​មន្ត្រី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ ៦០​រូប ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ ភូ​គី​ត្រា​។​

​ព្រឹត្តិការណ៍​សម្ពោធ​គម្រោង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ី​នាឱកាស​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​លើកកម្ពស់​ការតភ្ជាប់​ការដឹកជញ្ជូន​ក្នុង​តំបន់ សម្រាប់​ភូមិភាគ​អាស៊ីអាគ្នេយ៍​” (Enhancing Regional Freight Connectivity for South East Asia)​។ ព្រឹត្តិការណ៍​នេះ នឹង​បង្ហាញ​ដល់​អ្នកចូលរួម​នូវ ទិដ្ឋភាព​ទូទៅ​នៃ​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​ក្នុង​តំបន់ នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​រួមបញ្ចូល​លើ ទិដ្ឋភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទំនិញ​បច្ចុប្បន្ន ក្របខ័ណ្ឌ​គោលនយោបាយ បែបផែន​នៃ​ការដឹកជញ្ជូន និង​ការធ្វើ​ពាណិជ្ជកម្ម​។ លើសពីនេះ អ្នកចូលរួម​ក៏​អាចធ្វើ​ការស្វែងយល់​អំពី​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​ជាតិ និង​តំបន់ ដែលមាន​ស្រាប់ ក៏ដូចជា​គំនិត​ផ្តួចផ្តើម​លើកកម្ពស់​ការតភ្ជាប់​អន្តរជាតិ​ផងដែរ​។​

​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​នាឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការតភ្ជាប់ នៅតែ​ជា​យុទ្ធសាស្ត្រ​ចំបង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ខណៈ​នេះ​យើង​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការបញ្ចប់​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការដឹកជញ្ជូន​អន្តរ​មធ្យោបាយ​កម្ពុជា 2022-2030 (CIT-MP) ដែល​ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​រឹង និង​ទន់​ចំនួន ១៥០ ត្រូវបាន​ដាក់បញ្ចូល ដោយ​ត្រូវការ​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ជម្រាប​បន្ថែម​ទៅកាន់​អង្គពិធី ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់ ក៏ដូចជា​ការពង្រីក​វិសាលភាព​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ក្រុងព្រះសីហនុ ទាំង​ជំហាន​ទី​១ ទី​២ និង​ទី​៣ ដែល​នឹងត្រូវ​ប្រកាស​បើក​ការដ្ឋាន​ជា​ផ្លូវការ​នា​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ គម្រោង​ពង្រីក​វិសាលភាព​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ​នេះ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២៦ ហើយ​រំពឹងថា​នឹងមាន​សមត្ថភាព​អាច​ទទួល​ការផ្ទេរ​ផ្ទុកទំនិញ​អឺរ៉ុប​បាន​ដល់​៩០%​។​

​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ សំដៅ​លើកកម្ពស់​ការតភ្ជាប់ ដើម្បី​ឱ្យមាន​ភាព​ប្រទាក់ក្រឡា​ពាសពេញ​ផ្ទៃ​ប្រទេស ជាក់ស្តែង គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត គ្រោង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​០៧ មិថុនា ២០២៣ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប កំពុងធ្វើការ​សិក្សា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ខែឧសភា គម្រោង​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ប៉ោយប៉ែត ត្រូវបាន​សិក្សា​លើក​កម្រិត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​រាជរដ្ឋាភិបាល​ជំ​រុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ព​ន្លឿ​ន​កិច្ចការ​នេះ និង​ស្វែងរក​ដៃគូ​វិនិយោគ ហើយ​ប​ច្ចុន្ន​នេះ​មាន​គម្រោង​ផ្លូវថ្នល់​ជាច្រើន បាននិងកំពុង​ធ្វើឱ្យ​ប្រសើរឡើង​។​

​សូម​ជម្រាប​ដែរ​ថា​៖ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដែល​បាន​ចូលរួម​ជា​សមាជិក​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Forum – ITF) ក្នុង​ឆ្នាំ​២០២២​។ ក្នុងនាម​សមាជិក យើង​អាច​ចូលរួមចំណែក​ចែករំលែក និង​រៀនសូត្រ​ពី បណ្ដា​សមាជិក​ប្រទេស​អភិវឌ្ឍន៍ នូវ​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ ដើម្បី​កែលម្អ​ប្រព័ន្ធ​ភ័ស្ដុភារ​កម្ម និង​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close