កម្ពុជា បំពាក់ Public WiFi ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​អូឡាំពិក ក្នុង​ព្រឹ​ត្ដិ​ការណ៍​ស៊ី​ហ្គេម

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៉ី​ហ្គេម លើក​ទី​៣២ (CAMSOC) បាន​ចំណាយ​ថវិកា​ប្រហែល​៥០​ម៉ឺន​ដុល្លារ ដើម្បី​បំពាក់ WiFi សាធារណៈ​ដោយ​ឥតគិតថ្លៃ (Public WiFi) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ការបញ្ជាក់​ឲ្យ​ដឹង​បែបនេះ របស់លោក ជា វ៉ាន់​ដេ​ត ធ្វើឡើង​ក្នុង​ពី​ធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់ សម្រាប់​កិច្ចសហប្រតិបត្តិការ ដាក់​ឲ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត រវាង​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួងកសិកម្ម នៅ​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២៣​នេះ​។​

​លោក ជា វ៉ាន់​ដេ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ យើង​មាន​២​កន្លែង​ធំៗ សំខាន់ៗ ទី​១៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ទី​២៖ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, ក្រសួង​បាន​បំពាក់ Public WiFi ដែល​ប្រើប្រាស់​ថវិកា ប្រហែល​៥០​ម៉ឺន​ដុល្លារ សម្រាប់​អ្នកប្រើប្រាស់​»​។​

​លោក ជា វ៉ាន់​ដេ​ត បាន​ឲ្យ​ដឹងថា ដើម្បី​ប្រើ Public WiFi នេះ អ្នកចូលរួម​គ្រាន់តែ​ស្កេ​ន QR Code នៅតាម​ទីតាំង​ជាក់ស្តែង ដែល​បានកំណត់ ដើម្បី​ភ្ជាប់ WiFi នោះ​នឹង​អាច​ប្រើប្រាស់ WiFi បាន​ភ្លាមៗ​។​

​បន្ថែម​ពី​នោះ​ទៀត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់ថា Public WiFi នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​២​នេះ គឺ​អត់​មាន​បញ្ហា​អ្វី​នោះទេ ក្នុង​រយៈពេល​ព្រឹ​ត្ដិ​ការណ៍​ស៊ី​ហ្គេម​។​

​លោក ជា វ៉ាន់​ដេ​ត បាន​បន្ថែមទៀតថា ចំណែកឯ​ការប្រើប្រាស់ សម្រាប់​ការផ្សាយ​ចេញ​ក្រៅប្រទេស គឺ​ក្រសួង​ប្រៃសណីយ៍ បាន​ចរន្ដ​ក្រុមហ៊ុន​ខ្សែកាប​មួយចំនួន និង​ក្រុមហ៊ុន​រដ្ឋ ចូល​តទៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​២​នេះ ដោយ​អត់​មាន​បញ្ហា​នោះទេ នូវ​សមត្ថភាព​បញ្ចូល​ខ្សែ​អ៊ី​ន​ធើ​ណែន និង​បង្គោល​អង់​តែ​ន នៅ​ទីនោះ​។​

​សូមបញ្ជាក់ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អា​ស៉ី​អាគ្នេយ៍ លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ផ្តល់ជូន​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ដោយ​ឥតគិតថ្លៃ នៅក្នុង​៖

១៖ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
២៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​គិត​ត្រឹម​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២៣​នេះ សល់​រយៈពេល​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​ត្រូវ​ប្រារព្ធ​ពិធី​បើក​ការប្រកួត នា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣​ខាងមុខ​។​

​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៉ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺជា​មោទនភាព និង​មុខមាត់​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បាន​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​មកហើយ​។​

SEA Games: ចាប់ផ្តើម​ពីថ្ងៃ​ទី​០៥-១៧ ខែឧសភា ឆ្នាំ​២០២៣ និង ASEAN Para Games: ចាប់ផ្តើម​ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close