បោះឆ្នោត២០២៣ មានបក្ស២០ដាក់ពាក្យចូលរួមប្រកួតប្រជែង
គិតត្រឹមថ្ងៃបិទការទទួលពាក្យចុះឈ្មោះគណបក្សប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះ មានគណបក្សនយោបាយសរុបចំនួន២០ ដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣កក្កដាខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
គ.ជ.ប បានប្រកាសបិទឈប់ទទួលពាក្យចុះឈ្មោះចូលរួមការបោះឆ្នោតពីគណបក្សនយោបាយត្រឹមថ្ងៃទី៨ឧសភាថ្មីៗនេះ។ បើតាម គ.ជ.ប ចាប់តាំងពីថ្ងៃបើកទទួលពាក្យ រហូតដល់ថ្ងៃបិទបញ្ចប់ មានគណបក្សចំនួន២០ ដែលបានដាក់ពាក្យ។ ក្នុងនោះមានបក្សចំនួន១១ហើយ ត្រូវបានគ.ជ.បទទួលស្គាល់ជាផ្លូវការសម្រាប់ការចូលរួមប្រកួតប្រជែង។ ជាក់ស្តែងបក្សទាំង១១ ដែលគ.ជ.ប ទទួលស្គាល់រួមមាន៖ គណបក្សចាំផ្ទះ គឺបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សបំណងពលរដ្ឋ។
ដោយឡែកសម្រាប់ គណបក្ស៩ទៀតដែលបានស្នើសុំរួចតែគ.ជ.ប មិនទាន់ទទួលស្គាល់រួមមាន៖ គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សភ្លើងទៀន, គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច, គណបក្សជនជាតិប្រជាធិបតេយ្យកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សកសិករ។ បក្សទាំងនេះ កំពុងស្ថិតក្រោម ការត្រួតពិនិត្យរបស់ គ.ជ.ប។ សូមជម្រាបថា ការបោះឆ្នោតថ្នាក់ជាតិ លើកទី៧ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងនៅថ្ងៃ២៣ ខែកក្កដាខាងមុខ ដែលត្រូវនឹងថ្ងៃអាទិត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។