កម្ពុជាប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧០ ព្រះវស្សារបស់ព្រះមហាក្សត្រ
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧០ព្រះវស្សា នឹងត្រូវបានប្រារព្ធធ្វើនាថ្ងៃនេះ។
ជាទូទៅក្នុងព្រះរាជពិធីនេះ ព្រះមហាក្សត្រទ្រង់យាងទៅកាន់ខេត្តដែលព្រះសង្ឃសូត្រធម៌ទេសនា និងថ្វាយព្រះពរព្រះអង្គ។ បន្ទាប់មកព្រះអង្គបានប្រគេនចង្ហាន់ រួមទាំងថវិកាមួយចំនួន ជាអំណោយសម្រាប់ការអភិវឌ្ឍន៍ក្នុងវត្ត។
ក្រោយបញ្ចប់ព្រះរាជពិធី សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រោសព្រះរាជទានព្រះរាជអំណោយមានដូចជា អង្ករ មុង ភួយ ក្រមា អាវយឺត សារុង និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលខ្វះខាត។
ព្រះបាទនរោត្តម សីហមុនី ប្រសូតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣ ហើយបានឡើងសោយរាជ្យនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០០៤ មួយសប្តាហ៍បន្ទាប់ពីការដាក់រាជ្យរបស់ព្រះបិតារបស់ព្រះអង្គ គឺសម្តេចព្រះនរោត្តម សីហនុ។
ព្រះអង្គត្រូវបានតែងតាំងជាផ្លូវការជាព្រះមហាក្សត្រនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ នៅក្នុងពិធីឡើងគ្រងរាជ្យនៅក្នុងព្រះបរមរាជវាំង។ ការឡើងសោយរាជ្យត្រូវបានកត់សម្គាល់សម្រាប់ភាពសាមញ្ញទាក់ទងគ្នា ដែលត្រូវបានស្នើសុំជាពិសេសដោយសម្តេចឪ សីហនុ។ ព្រះមហាក្សត្រ សីហមុនី ព្រះអង្គផ្ទាល់ មិនចង់ឱ្យពិធីនេះ ខ្ជះខ្ជាយពេកទេ ព្រោះព្រះអង្គមិនប្រាថ្នាឱ្យប្រទេសក្រីក្រ ចំណាយប្រាក់ច្រើនពេក លើពិធីនេះទេ ដោយជ្រើសរើសពិធីដ៏សាមញ្ញ។
ព្រះអង្គជាព្រះរាជបុត្រច្បងរបស់ព្រះបាទនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ មុនពេលដែលព្រះអង្គត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កចំនួនប្រាំបួនរូប ដើម្បីឡើងគ្រងរាជ្យបន្ត។
មុនពេលឡើងសោយរាជ្យ ព្រះមហាក្សត្រ សីហមុនីបានទទួលការអប់រំនៅប្រទេសឆេកូស្លូវ៉ាគី ហើយត្រូវបានគេស្គាល់ការងាររបស់ព្រះអង្គ ថាជាឯកអគ្គរាជទូតវប្បធម៌នៅអឺរ៉ុប និងជាគ្រូបង្ហាត់របាំបាឡេបុរាណ៕
AKP/Wikipedia
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។