មនុស្ស​ស្លាប់ ៤១​នាក់ ដោយសារ​ព្យុះ​ស៊ីក្លូន វាយប្រហារ​រដ្ឋ Rakhine ប្រទេស​មី​យ៉ាន់​ម៉ា

ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​យ៉ាងហោច​៤១​នាក់ បន្ទាប់ពី​ព្យុះ​ស៉ី​ក្លូន​ដ៏​ខ្លាំង​មួយ​បាន​បោកបក់​លើ រដ្ឋ​រ៉ា​ឃី​ន (Rakhine) នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែឧសភា ឆ្នាំ​២០២៣​។​

​ព្យុះ​ស៉ី​ក្លូន​ឈ្មោះ Mocha បានធ្វើ​ដំណើរ​ទៅដល់​ក្បែរ​ទីក្រុង​ស៉ី​ត​វេ (Sittwe) ដែលជា​រដ្ឋធានី​របស់​រដ្ឋ Rakhine កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅនេះ ជាមួយ​កម្លាំង​ខ្យល់​បក់​រហូតដល់​ខ្ទង់ ២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ប្រធានភូមិ Bu Ma បាន​ប្រាប់​ឱ្យដឹងថា មាន​មនុស្ស​បាត់បង់​ជីវិត ចំនួន​១៧​នាក់​នៅ​ទីនោះ​។ តួលេខ​នេះ​គឺ​បន្ថែម​លើ​ចំនួន​មនុស្ស​ស្លាប់​២៤​នាក់ នៅ​ភូមិ​មួយកន្លែង​ទៀត​គឺ​ភូមិ Khaung Doke Kar​។ ក្រៅពីនេះ​ផ្ទះសម្បែង​រាប់រយ​ខ្នង ក៏បាន​រង​ការខូចខាត​ផងដែរ​។​

​គួរ​បញ្ជាក់ថា ព្យុះ​ស៉ី​ក្លូន​ខាងលើ​គឺជា​ព្យុះ​ដ៏​អាក្រក់​បំផុត​មួយ គិត​ចាប់​តាំងតែ​ពី​ព្យុះ​ស៉ី​ក្លូន​ឈ្មោះ ណា​ហ្គី​ស (Nargis) ដែល​បាន​បោកបក់​លើ​តំបន់​ភាគខាងត្បូង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បានសម្លាប់​ជីវិត​មនុស្ស​ជិត​១៤០,០០០​នាក់ កាលពី​ឆ្នាំ​២០០៨៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close