ក្រពើភ្នំចំនួន ១៤៦ក្បាល ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិវិញ
ក្រពើភ្នំចំនួន ១៤៦ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។ កម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។ កិច្ចការអភិរក្សកន្លងទៅបានផ្តល់ផលជាទីមោទនៈ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្សក្នុងការបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបាន ការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។ ទីតាំង ៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន៖អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ឥឡូវនេះ គម្រោងអភិរក្សក្រពើភ្នំគំរូនេះ ដែលបានភ្ជាប់ការអង្កេតតាមដាន និងការល្បាតដោយសហគមន៍មូលដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។
ក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបានលែងក្រពើភ្នំពូជសុទ្ធនៅលើតំបន់មួយចំនួនបានចំនួន ១៤៦ ក្បាល មានដូចជា៖ (១) ស្ទឹងខៀវ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ២៧ ក្បាល (២) ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រែអំបិល ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ៤៩ ក្បាល (៣) ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ០៩ ក្បាល (៤) អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ២០ ក្បាល (៥) អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (លែងកូនក្រពើព្រៃ) ០៦ ក្បាល (៦)ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ខែកុម្ភៈ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ២៥ ក្បាល។ (៧) ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ១០ ក្បាល៕
ប្រភពនិងរូបភាព FFI
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។