រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូនេស៊ី ត្រូវបានចាប់ខ្លួនពីបទពុករលួយ

អាជ្ញាធរឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែឧសភាបានបានចាប់ខ្លួនរដ្ឋមន្ត្រីម្នាក់ដែលជាសមាជិកជាន់ខ្ពស់នៃគណរដ្ឋមន្រ្តី ដែលត្រូវបានរងការចោទប្រកាន់ពីបទអំពើពុករលួយ ក្នុងករណីមួយដែលអាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយឱ្យដឹងថា សកម្មភាពក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីរូបនេះបណ្ដាលឱ្យខាតបង់ថវិការជាតិប្រមាណជា ៥០០លានដុល្លារអាមេរិក។

លោក Johnny G Plate គឺជារដ្ឋមន្ត្រីទីប្រាំនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Joko Widodo ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។ ថ្មីៗ​នេះ រដ្ឋមន្ត្រី​សង្គមកិច្ច និង​ជលផល​របស់​រដ្ឋាភិបាលលោក Joko Widodo ក៏ត្រូវ​បានតុលាការកាត់ទោសឱ្យ​ជាប់​ពន្ធនាគារផងដែរ​កាលពី​ឆ្នាំ ២០២១ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ការិយាល័យអគ្គមេធាវី (AGO) បាននិយាយថា លោក Johnny ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីលោកបានចូលរួមពាក់ព័ន្ធក្នុងការធ្វើលទ្ធកម្មមឧបករណ៍ដែលត្រូវការដើម្បីសាងសង់ប៉មទំនាក់ទំនងរាប់ពាន់ ដែលក្រសួងទូរគមនាគមន៍របស់លោកបានបញ្ជាក់ថាជាផែនការក្នុងការភ្ជាប់បណ្ដាញអ៊ីនធ័រណេតទៅកាន់ភូមិរាប់ពាន់ក្នុងប្រទេស។

មន្រ្តីការិយាល័យមេធាវីបានឱ្យដឹងថា លោក Johnny ត្រូវបានចាប់ខ្លួន “ក្នុងនាមជាអ្នកប្រើប្រាស់ថវិកា និងជារដ្ឋមន្ត្រី” ដោយមិនបានបញ្ជាក់ពីតួនាទីជាក់លាក់របស់រដ្ឋមន្ត្រីក្នុងផែនការនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះត្រូវបានចោទប្រកាន់ថាបានរំលោភលើច្បាប់ពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ី ដែលអាចនាំឱ្យលោកមានទោសអតិបរមារហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតទៀតផង។

ជាការឆ្លើយតបទៅនឹងការចាប់ខ្លួននេះ ក្រសួងក្រសួងទំនាក់ទំនង និងព័ត៌មានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងគោរពតាមនីតិវិធីច្បាប់ ហើយសេវាសាធារណៈរបស់ខ្លួននឹងមិនត្រូវបានរារាំងដោយករណីនេះឡើយ។ ដោយឡែក ការិយាល័យប្រធានាធិបតី Joko Widodo បានត្រឹមពណ៌នាថាការចាប់ខ្លួននេះធ្វើឡើងដោយស្មានមិនដល់។

លោក Jaleswari Pramodhawardhani មន្ត្រីនៅការិយាល័យប្រធានាធិបតីបាននិយាយថា ជាច្រើនលើកច្រើនសារមកហើយ! លោកប្រធានាធិបតតែងតែបានធ្វើការរំលឹកឱ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនបំពេញការងារដោយប្រុងប្រយ័ត្ន។ ដោយឡែក មេធាវីផ្ទាល់ខ្លួនរបស់រដ្ឋមន្រ្តីខាងលើនេះ ពុំទាន់អាចធ្វើការទាក់ទងបាននៅឡើយទេ ដើម្បីសុំការអធិប្បាយណាមួយ។ ការិយាល័យមេធាវី AGO បានឱ្យដឹងថា អំពើពុករលួយដែលត្រូវបានចោទប្រកាន់លើរដ្ឋមន្រ្តីរូបនេះ បានធ្វើឱ្យខាតបង់ថវិការរដ្ឋប្រហែលជា ៥៤៤លានដុល្លារអាមេរិក។

យោងតាមអង្គការឃ្លាំមើលអំពើពុករលួយពិភពលោក Transparency International បានបង្ហាញថា ឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៤ពិន្ទុលើសន្ទស្សន៍ឆ្លុះបញ្ចាំងអំពីអំពើពុករលួយក្នុងប្រទេសរបស់ខ្លួនកាលពីឆ្នាំមុនមកនៅត្រឹមចំណាត់ថ្នាក់លេខ ១១០ក្នុងចំណោម ១៨០ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close