មនុស្សស្លាប់ កើនដល់ ៩នាក់ ក្នុងករណីគ្រោះទឹកជំនន់ ក្នុងប្រទេសអ៊ីតាលី
រ៉ូម៖ អាជ្ញាធរក្នុងទីក្រុងរ៉ាវេនណា (Ravenna) បានចេញបញ្ជាឲ្យមានការជម្លៀសខ្លួនជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ភូមិចំនួន ៣ដែលរងការគំរាមកំហែងដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យមនុស្ស ៩នាក់ស្លាប់នៅទូទាំងភាគឦសាននៃប្រទេសអ៉ីតាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។
រថយន្តក្រុងកំពុងត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីជួយអ្នកស្រុកបន្ទាប់ទឹកទន្លេឡាម៉ូនេ (Lamone) បានឡើងហួសច្រាំង។ ទន្លេ និងស្ទឹងប្រហែងជាង ១០ បានឡើងជន់លិចនៅទូទាំងភាគអាគ្នេយ៍នៃតំបន់អ៉ីមីឡា រ៉ូម៉ាកណា (Emilia Romagna) បន្ទាប់ពីមានភ្លៀងធ្លាក់កាលពីដើមសប្តាហ៍នេះ។
ក្រុមមន្ត្រីក្នុងតំបន់និយាយថា មនុស្សជាង ១០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយមានសេចក្តីរាយកាណ៍អំពីការបាក់ដីរាប់រយករណី។ គិតមកទល់នឹងពេលនេះ មានមនុស្សចំនួន ៩នាក់ហើយបានស្លាប់។ កងកម្លាំងប្រដាប់អាវុធ និងឆ្មាំសមុទ្ររបស់អ៉ីតាលី បានចូលរួមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ ដោយការដាក់ពង្រាយឧទ្ធម្ភាគចក្រដើម្បីនាំយកអ្នកស្រុកចេញពីផ្ទះរបស់ពួកគេ និងប្រើប្រាស់ទូកដើម្បីចូលទៅដល់ផ្ទះដែលហ៊ុមព័ទ្ធជុំវិញដោយទឹកជំនន់។
គួរបញ្ជាក់ថា ទឹកជំនន់ក៏បណ្តាលឲ្យមានការលុបចោលព្រឹត្តិការណ៍ប្រកួតប្រណាំងរថយន្ត Formula One Emilia Romagna Grand Prix ដែលបានគ្រោងធ្វើឡើងនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅទីក្រុងអ៉ីម៉ូឡា Imola ផងដែរ ដោយអ្នករៀបចំបាននិយាយថា ពួកគេមិនអាចធានាសុវត្ថិភាពរបស់អ្នកគាំទ្រ ក្រុមអ្នកចូលរួមប្រកួត និងបុគ្គលិកព្រឹត្តិការណ៍បាននោះទេ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។