បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​

​ភ្នំពេញ​៖ គ្រឿងញៀន​ជិត ២០០​គីឡូក្រាម និង​ជនសង្ស័យ​ចំនួន ៣​នាក់ ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បង្ក្រាបបាន​នៅ ៥​គោលដៅ​ផ្សេងគ្នា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៣ គឺ​៖
១៖ នៅ​ចំណុច​មុខក្រសួង​ពាណិជ្ជកម្ម មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
២៖ នៅ​ចំណុច​ផ្ទះជួល​លេខ ៦៤E1 ផ្លូវ​លេខ​១១០ ភូមិ​៥ សង្កាត់​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ​
៣៖ នៅ​បុរី​មួយកន្លែង ផ្ទះ​លេខ​១០៧E ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។​
៤៖ នៅ​ចំណុច​បុរី​មួយកន្លែង ផ្ទះ​លេខ​១២៦ ផ្លូវ​លេខ ៣៥B ភូមិ​ត្រពាំង​ព្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​
៥៖ នៅ​ចំណុច​ផ្ទះជួល​លេខ ២CE1​ផ្លូវ​១០៩ ក្រុមទី​៣១ ភូមិ​៣ សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ករណី​បង្ក្រាប​ទាំង ៥​គោលដៅ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ភេទ​ស្រី​ជនជាតិខ្មែរ​រួមមាន​៖ អ៊ឹម ស្រី​ពៅ អាយុ​៣៨​ឆ្នាំ​, លាស់ ណេ​ត អាយុ ៣៨​ឆ្នាំ និង​សេង គុ​ន្ធី អាយុ​៤៤​ឆ្នាំ​។ ដោយ​ចាប់យក​វត្ថុតាង ថ្នាំញៀន ៥​ប្រភេទ (​ហេ​រ៉ូ​អ៊ី​ន ម៉េ​តំ​ហ្វេ​តា​មីន MDMA ខេ​តា​មីន នី​មេ​តា​ហ្សេ​ប៉ា​ម​) ទម្ងន់​ជាង​១៩៣​គីឡូក្រាម និង សារធាតុ​គីមី (​មិន​ស្គាល់​) ទម្ងន់​ជាង ២.៣​គីឡូក្រាម​។​

​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា គ្រឿងញៀន​ដែល​បង្ក្រាបបាន​នេះ គឺ​បាន​ដឹកជញ្ជូន​គ្រឿងញៀន​ពី​ឡាវ កាត់​តាម​ខេត្តស្ទឹងត្រែង ចូលមក​រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រ​ឆាំ​បទល្មើស​គ្រឿងញៀន កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close