ព្រះនាងនរោត្តម ជេនណា នឹងប្រឡូកក្នុងវិស័យ K-POP ឆាប់ៗនេះ
កូរ៉េ៖ តើព្រះនាងនរោត្តម ជេនណា នឹងបានចូលរួមក្នុងនាមជាតារា K-POP ដំបូងគេ ដែលមានឈាមជ័រជាខ្សែរាជវង្សខ្មែរ ឬយ៉ាងណា? សំណួរនេះបានចោទសួរឡើង បន្ទាប់ពីការផ្សាយរបស់ YTN នាពេលថ្មីៗនេះ បានឲ្យដឹងថា វិស័យ K-Pop របស់កូរ៉េខាងត្បូង អាចនឹងបង្ហាញវត្តមានដំបូងរបស់ខ្សែរាជវង្សកម្ពុជា គឺព្រះនាងនរោត្តម ជេនណា មកចូលរួមជាតារារបស់ខ្លួន ត្បិតបច្ចុប្បន្នព្រះនាង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងនាមជាអ្នកសិល្បៈស្រាប់ នៅប្រទេសកំណើតរបស់ខ្លួន គឺប្រទេសកម្ពុជា។
សារព័ត៌មាន Koreaboo បានចុះផ្សាយពីប្រវត្តិជាច្រើនរបស់ព្រះនាងនរោត្តម ជេនណា ដោយមានខ្លឹមសារថា ព្រះនាងជាបុត្រីទី២ របស់សម្ដេចរាជបុត្រីនរោត្តម បុប្ផារី និងជាចៅស្រី របស់ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន គឺ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។ នៅអាយុត្រឹមតែ១១ឆ្នាំ ព្រះនាងបានក្លាយជាអ្នកនិយមលេង បណ្តាញសង្គមរួចទៅហើយ ដោយមានអ្នក Subscribe ជាង៨០ម៉ឺននាក់ នៅលើ Channel YouTube។
សារព័ត៌មានកូរ៉េដដែល បានបន្តផ្សាយថា ព្រះនាងជេនណា បានចាប់ផ្ដើមអាជីពក្នុងវិស័យកម្សាន្ត នៅអាយុ៦ឆ្នាំ ក្នុងនាមជាតារាសម្ដែង និងចម្រៀង។ ជាក់ស្តែងព្រះនាងមានជំនាញខាងសិល្បៈតាំងពីវ័យក្មេង ហើយបានចូលក្នុងក្រុមហ៊ុន Space Creative Marketing ដែលបានធ្វើឲ្យព្រះនាងកាន់តែទទួលបាន ការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ក្នុងនាមជាសមាជិករាជវង្សដ៏កម្រ ដែលសកម្មនៅក្នុងពិភពច្នៃប្រឌិត នៃវិស័យសិល្បៈ។ ព្រះនាងទទួលបានឋានៈ ជាតារាវ័យក្មេងនៅក្នុងប្រទេសកម្ពុជារួចទៅហើយ តាមរយៈការបង្ហាញខ្លួនក្នុងរឿងភាគ និងមានការទទួលផ្សព្វផ្សាយម៉ាកយីហោនានាផងដែរ។
ព្រះនាង Jenna មានការចាប់អារម្មណ៍ជាពិសេសចំពោះ K-POP ត្បិតព្រះនាងក៏ជាអ្នកគាំទ្រក្រុម BTS និង BLACKPINK ក៏ដូចជាអ្នកគាំទ្រ K-Drama ផងដែរ។ ជារឿយៗព្រះនាង បានបង្ហោះការរាំ Cover បទ K-Pop នៅលើ Channel YouTube របស់ព្រះនាង និងសម្តែងនៅក្នុងព្រឹត្តិការណ៍នានាផងដែរ។ ព្រះនាង Jenna ក៏បានចេញបទចម្រៀង Original ជាច្រើនបទ រួមទាំងបទចម្រៀងជាមួយតារាចម្រៀងខ្មែរ BOBO ដែលមានចំណងជើងថា «You Da One»។ ក្រៅពីសិល្បៈសម្ដែងព្រះនាង Jenna ក៏មានជំនាញភាសាគួរឲ្យចាប់អារម្មណ៍ ត្បិតព្រះនាងចេះភាសាខ្មែរ បារាំង ថៃ ចិន និងអង់គ្លេសជាដើម។
នៅក្នុងកម្មវិធី YTN ព្រះនាងបានបង្ហាញចំណាប់អារម្មណ៍ពី K-Pop ដោយនិយាយថា ថាមពលដ៏ភ្លឺស្វាងរបស់វាទាក់ទាញព្រះនាងឲ្យមកតន្ត្រី។ ព្រះនាងបានបង្ហាញចំណាប់អារម្មណ៍ ចង់ផ្សព្វផ្សាយក្នុងនាមជាអ្នកសិល្បៈ នៅប្រទេសកូរ៉េ ហើយហាក់ដូចជា សុបិនរបស់ព្រះនាងជិតក្លាយជាការពិត។ ភ្លាមៗអ្នកនាង Na Yoon Jung ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្ត K-Pop បានបង្ហាញចំណាប់អារម្មណ៍របស់នាង ក្នុងការសហការជាមួយព្រះនាង សម្រាប់អាជីពរបស់នាងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
សារព័ត៌មាន Koreaboo ដដែល បានបន្តថាបច្ចុប្បន្នព្រះនាង Jenna គង់នៅក្នុងប្រទេសកម្ពុជា ជាកន្លែងដែលព្រះនាងបានផ្លាស់ពីទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទៅគង់នៅជាមួយព្រះបិតាព្រះមាតា តាំងពីមានព្រះជន្ម ៣ព្រះវស្សា។ ប៉ុន្តែការស្រឡាញ់សិល្បៈរបស់ព្រះនាងនៅក្មេងបែបនេះ បានជំរុញឲ្យព្រះនាង Jenna ធ្វើការដោយមិននឿយហត់ ដើម្បីក្តីសុបិន។ អ្នកគាំទ្រកាលដែលបានទទួលដំណឹងនេះ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង និងចង់តាមដានបន្តថា តើដំណើររបស់ព្រះនាងក្នុងវិស័យ K-Pop នឹងមានរូបរាងយ៉ាងណានាពេលអនាគត?
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។