កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌលើគម្រោងផ្លូវល្បឿនលឿនទី៣ ថាក្រោយចុះហត្ថលេខានេះ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិននឹងសិក្សាលើគម្រោងនេះរយៈពេល៦ខែ និងផ្តល់លទ្ធភាពនៃការសិក្សាគម្រោងនេះទៅឱ្យអន្តរក្រសួងត្រួតពិនិត្យ ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣នេះ គ្រោងចំណាយថវិកាប្រមាណ ២ ៥០០លានដុល្លារ ដោយផ្លូវមួយគីឡូម៉ែត្រគ្រោងចំណាយថវិកា ១០លានដុល្លារ ហើយសង្ឃឹមថានឹងអាចបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ដោយសាងសង់ ២ដំណាក់កាល ដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាប និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែត។

បើតាមលោក ស៊ុន ចាន់ថុល ប្រវែងផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តសៀមរាបសរុបចំនួន ២៥០គីឡូម៉ែត្រ និងប្រវែងផ្លូវល្បឿនលឿនពីសៀមរាប ទៅប៉ោយប៉ែតមានចំនួន ១៥០គីឡូម៉ែត្រ សរុបពីភ្នំពេញទៅសៀមរាប និងទៅប៉ោយប៉ែតមានចំនួន ៤០០គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា នៅថ្ងៃអនាគត រាជរដ្ឋាភិបាលនឹងមានគម្រោងសាងសង់ផ្លូវល្បឿនលឿនជាច្រើនបន្ថែមទៀត។ លោកនិយាយថា៖ «បើមាន៣ (ផ្លូវល្បឿនលឿន) គឺមាន៤ហើយ ទី៤អាចពីភ្នំពេញ ទៅក្រចេះ ក្រចេះពីស្នួលទៅមណ្ឌលគិរីពីសែនមនោរម្យទៅកោះញែក ចេញពីកោះញែកទៅបានលុង ពីបានលុងត្រឡប់មកស្ទឹងត្រែង មកអូរពងមាន់ ទៅព្រះវិហារ ចេញពីព្រះវិហារតមកសៀមរាប ហើយត្រឡប់មកភ្នំពេញវិញ។ យើងជុំទូទាំងប្រទេសរបស់យើងតែម្តង»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close