កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បានឈានដល់ពិធីចុះហត្ថលេខា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ស្របតាមស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។
ជាមួយគ្នានេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួនជូនដល់កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែលអាចធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ។
នៅកិច្ចបញ្ចប់នៃជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុងសន្និសិទព័ត៌មាន ដើម្បីផ្សព្វផ្សាយជាថ្មីម្តងទៀតជូនសាធារណជន អំពីអត្ថប្រយោជន៍ ដែលរំពឹងថាអាចទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។