ការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងកម្ពុជា មាននិន្នាការធ្លាក់ចុះនៅរយៈពេលជិតកន្លះឆ្នាំមកនេះ
ការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងរបស់កម្ពុជា គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ២០២៣ បានធ្លាក់ចុះជាង១ពាន់លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចេញផ្សាយថ្មីៗនេះ ។
របាយការណ៍ដដែលឱ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងក្នុងឆ្នាំ ២០២៣នេះ ការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងមានទំហំទឹកប្រាក់ប្រមាណ៣,៣ពាន់លានដុល្លារអាមេរិកខណៈ៥ខែដើមឆ្នាំ ២០២២កន្លងទៅមានទឹកប្រាក់៤,៣ពាន់លានដុល្លារអាមេរិក ។
ទិន្នន័យដដែលនេះបានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ មានតម្លៃ ១.៨ពាន់លានដុល្លារធ្លាក់ចុះ ២៦,១ភាគរយ និងការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃ ៩៣៨លានដុល្លារ ធ្លាក់ចុះ១៧ភាគរយ ខណៈនាំចេញស្បែកជើងក្នុងរយៈពេល៥ខែនេះ ក្នុងទំហំទឹកប្រាក់ ៥៥៨លានដុល្លារ ធ្លាក់ចុះ២០,៤ភាគរយ ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជា មានប្រសាសន៍ថា ការនាំចេញផលិតផលទាំងនេះធ្លាក់ចុះ ដោយសារក្រោយវិបត្តិជំងឺកូវីដ១៩ សេដ្ឋកិច្ចធ្លាក់ចុះ ដែលធ្វើឱ្យចំណូលរបស់អ្នកប្រើប្រាស់ថមថយ ។ កត្តានេះនាំឱ្យការចំណាយ មានការសន្សំសំចៃជាងមុន។ លោកបានឱ្យដឹងផងដែរថា នៅសមាសទី១ ឆ្នាំ២០២៣នេះ ការបញ្ជាទិញផលិតផលស្បែកជើងបានធ្លាក់ចុះប្រមាណពី២០ភាគរយ ទៅ២៣ភាគរយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។