៥​ខែ​ដំបូង ឆ្នាំនេះ​! ទំហំ​ពាណិជ្ជកម្ម​កម្ពុជា រវាង​អន្តរជាតិ សម្រេចបាន​ទឹកប្រាក់​ជាង ១៩​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អន្ដរជាតិ នៅ​រយៈពេល ៥​ខែ​ដើម ឆ្នាំ​២០២៣​នេះ សម្រេចបាន​ចំនួន ១៩ ២៩២​លាន​ដុល្លារ ធ្លាក់ចុះ​១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែលមាន​ទឹកប្រាក់ ២២ ៤៨៩​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា «​ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​របស់​កម្ពុជា មាន​ទឹកប្រាក់ ១៩ ២៩២​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​ចំនួន ៩ ១៨៣​លាន​ដុល្លារ ធ្លាក់ចុះ​២.៤​ភាគរយ ចំណែក​ការនាំ​ចូល​វិញ​មាន​ចំនួន ១០ ១០៩​លាន​ដុល្លារ ធ្លាក់ចុះ ២២.៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២»​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម នា​ដើម​ស​ប្តា​យ៍​មុន​បាន​ថ្លែង​ឲ្យ​ដឹងថា កម្ពុជា​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ជាខ្លាំង ក្នុងការ​ជំរុញ​ការនាំចេញ​ទំនិញ​។​

​ឯកឧត្តម​បន្តថា ការនាំចេញ​របស់​កម្ពុ​ជា ធ្លាក់ចុះ​ក្នុងអំឡុងពេល​ដើមឆ្នាំ​នេះ ដោយសារ​សេដ្ឋកិច្ចពិភពលោក​រង​ផលប៉ះពាល់ ដែល​បង្ក​មកពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា​ជំងឺ​កូ​វីដ​១៩​។​ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា នៅ​ចុងឆ្នាំ​២០២៣​នេះ ការនាំចេញ​អាចមាន​ការប្រែប្រួល ឬ​មានការ​កើនឡើង​វិញ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close