២ឆ្នាំ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៦,៧ពាន់តោន នៅខេត្តមណ្ឌលគិរី
ក្នុងរយៈពេល២ឆ្នាំ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីបានចំនួន ៦ ៧២៧គីឡូក្រាម ដោយទទួលបានចំណូលសួយសារពីក្រុមហ៊ុនរ៉ឺនេសង់ មីនេីរ៉ល បានចំនួន១០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល។
ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានលើកឡើងថា ដំណើរការអាជីវកម្មធនធានរ៉ែដែលក្រុមហ៊ុន រ៉ឺនេសង់ មីនេីរ៉ល សម្រេចបាននេះ គឺបានចូលរួមចំណែកក្នុងការបង្កើនចំណូលថវិកាជាតិ ហើយកំពុងបង្កើតបាននូវសមភាពជាតិគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបជូនថា តំបន់អាជីវកម្មរ៉ែមាសអូរខ្វាវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចំណាយពេលវេលាអស់ជិត ១៤ឆ្នាំ ក្នុងការសិក្សាស្វែងរុករករ៉ែ ការសិក្សាវាយតម្លៃសមិទ្ធភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ និងការសិក្សាវាយតម្លៃគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់បរិស្ថាន និងសង្គមនៃប្រតិបត្តិការអាជីវកម្មធនធានរ៉ែ ក្រុមហ៊ុនរ៉ឺនេសង់ មីនេីរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL របស់ប្រទេសអូស្រ្ដាលី។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្តើមពីពាក់កណ្ដាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក ហើយត្រូវបានបញ្ចប់ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។