៥​ខែ ឆ្នាំ​២០២៣! កម្ពុជា ទទួលភ្ញៀវ​អន្តរជាតិ​ជាង ២​លាន​នាក់ ខណៈ​ទេសចរ​ក្នុងស្រុក ១០​លាន​នាក់​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​ថ្លែង​បញ្ជាក់ថា រយៈពេល​៥​ខែ ដើមឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២,១​លាន​នាក់ កើនឡើង ៥៣០% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ រីឯ​ទេសចរ​ក្នុងស្រុក​ប្រមាណ ១០​លាន​នាក់​។​

​ឯកឧត្ដម ថោង ខុន បានលើកឡើង​យ៉ាងដូច​នេះ​នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ នាឱកាស​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​លើក​ទី​៥ នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទីស្តីការ​ក្រសួងទេសចរណ៍ និង​ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ​។​
​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​រំពឹងថា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៤​លាន​នាក់ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ​យ៉ាងតិច ១៦​លាន​នាក់​។ ការសម្រេចបាន​នេះ គឺ​ប្រហាក់ប្រហែល​ទៅនឹង​ការ​ព្យាករ​របស់​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​រំពឹងថា​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​នឹងត្រូវ​ប្រើពេល​ក្នុង​រង្វង់ ៥​ឆ្នាំ ដោយ​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​កម្រិត​ប្រហាក់ប្រហែល​ពេលមុន​វិបត្តិ នៅក្នុង​ឆ្នាំ​២០២៥ ឬ​យ៉ាងយូរ​នៅ​ឆ្នាំ​២០២៦ ក្រោម​ទម្រង់​អក្សរ U​។​

​ឯកឧត្ដម ថោង ខុន បានឱ្យដឹង​ទៀតថា ដើម្បី​បន្ត​ការគាំទ្រ​ដំណើរ​ឆ្ពោះទៅកាន់​អនាគត​កាន់តែ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ការរៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ឆ្នាំ​២០២៣-២០៣៥ ពិត​ជាមាន​ភាពចាំបាច់​ណាស់ ដោយ​ផែនការ​នេះ​មានការ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ក្នុងការ​រៀបចំ​នូវ​សេចក្ដីព្រាង ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នេះ​ឡើង​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា សេចក្ដីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នេះ ត្រូវបាន​រៀបចំឡើង​ផ្អែកលើ​អភិក្រម​នៃ​ការចូលរួម គឺ​បានដាក់​ឆ្លង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាច្រើនលើក​ច្រើនសារ ក្នុងនោះ​មានការ​ប្រជុំ​កម្រិត​បច្ចេកទេស​ចំនួន ៥​លើក និង​លើកចុងក្រោយ បានដាក់​ឆ្លង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ កម្រិត​អន្តរក្រសួង ដែលមាន​ការចូលរួម​ពី ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន កាលពី​ថ្ងៃទី​២៣-២៤ ខែឧសភា​ព ឆ្នាំ​២០២៣​កន្លងទៅ ដែលជា​មូលដ្ឋាន​ក្នុងការ​ពិនិត្យ កែសម្រួល និង​ផ្តល់​ធាតុ​ចូល​បន្ថែម​លើ សេចក្ដីព្រាង​នៃ​ឯកសារ​នេះ ដើម្បី​ដាក់​ឆ្លង​កិច្ចប្រជុំ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្ដម ថោង ខុន បានបញ្ជាក់​ទៀតថា សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​២០២៣-២០៣៥​នេះ មាន ៤​ជំពូក ១៣​ផ្នែក ដោយ​ដាក់ចេញ​នូវ​គោលដៅ​យុទ្ធសាស្ដ្រ​ចំនួន​០៣ និង​យុទ្ធសាស្ត្រ​សំខាន់ៗ ចំនួន​១០ ហើយ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​នេះ រៀបចំឡើង​ដោយ​អនុលោម​ទៅតាម​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​ទេសចរណ៍ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល និង​សេចក្តីព្រាង​យុទ្ធសាស្ត្រ​បញ្ច​កោណ ផែនទី​ចង្អុល​ផ្លូវ ស្តីពី ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​គោលនយោបាយ​/​យុទ្ធសាស្ត្រ​របស់​វិស័យ​ពាក់ព័ន្ធ​ផងដែរ​។​

​បន្ថែម​ពីនេះ ដើម្បីឱ្យ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ស្នើឱ្យ​ក្រុមការងារ​ដើម្បី​សិក្សា និង​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បន្ត​កែសម្រួល​តាម​ធាតុ​ចូល​បន្ថែម​របស់​អង្គប្រជុំ និង​រៀបចំ​របាយការណ៍​គោរព​ស្នើសុំ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ដាក់​ឆ្លង​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ពិនិត្យ និង​សម្រេច​ចុងក្រោយ មុននឹង​ដាក់​គោរព​ស្នើសុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល ឬ​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close