ដំណឹងល្អ! ប្រទះឃើញកូនផ្សោតទី៤ ទើបកើតថ្មី ក្នុងឆ្នាំនេះ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី
«កូនផ្សោតទី៤ ក្នុងឆ្នាំ២០២៣» ជាដំណឹងដ៏រីករាយសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។
ក្រុមការងារប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។