កំពង់ផែ​ថ្មី លើ​ទឹកដី​កោះកុង បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្នុង​ចលនា​លើកកម្ពស់​ការតភ្ជាប់ និង​ភាព​សម្បូរបែប នៃ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​

​កោះកុង​៖ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អ​ញ្ជើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ កំពង់ផែ​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណក់ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក លោកស្រី មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ជាច្រើនរូប​។

​កំពង់ផែ​ដងទង់ ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នាឱកាស​នេះ ជា​កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រុង​លេខ​៩០០ ក្នុងភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ កំពង់ផែ​នេះ គឺជា​ស្ថាបត្យកម្ម​ថ្មី​មួយ​ដែល​កើតចេញពី​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ដោយមាន​រចនាបទ​បែប​ទំនើប សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​ធានា​នូវ​ការប្រើប្រាស់​យូរអង្វែង និង​សាងសង់​ដោយ​ថវិកាជាតិ​សរុប​ប្រមាណ ១២.៨៩៧.០០០.០០០​រៀល (​ដប់​ពីរពាន់​លាន ប្រាំបី​រយ​កៅសិប​ប្រាំ​ពីរលាន​រៀល​គត់​)​។​

​គម្រោង​សាងសង់​ត្រូវបាន​ចែកចេញជា​២​ជំហាន សរុប​កំពង់ផែ​មាន​បណ្តោយ​ប្រវែង ១១៥​ម៉ែត្រ ទទឹង​ប្រវែង ១៦,៥០​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក​ពី ៤​ម៉ែត្រ ទៅ ៨​ម៉ែត្រ ដែលមាន​លទ្ធភាព​ឱ្យ​នាវា​ផ្ទុកទំនិញ​ទម្ងន់​២០០០​តោន អាច​ចូល​ចត​បាន​។ ក្រៅពី​សំណង់​កំពង់ផែ​បេតុង គម្រោង​ដែល​ប្រើប្រាស់​ថវិកាជាតិ​ជិត ១៣​ពាន់​លាន​រៀល​នេះ ក៏មាន​បញ្ចូល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន រួមមាន​៖ ស្ពានបេតុង​ភ្ជាប់​ទៅ​ផែ ផ្លូវ​បេតុង​ចេញចូល​ផែ អគារ​អ្នកដំណើរ​រង់ចាំ អគារ​រដ្ឋបាល បន្ទប់ទឹក​សាធារណៈ ប្រព័ន្ធ​លូ របង និង​ខ្លោងទ្វារ ជាដើម​។​

​កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ ដងទង់ ជា​ចំណែក​មួយ​ក្នុង​ការតភ្ជាប់ និង​ភាព​សម្បូរបែប​នៃ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​សមុទ្រ នៅក្នុង​ខេត្ត​តំបន់ឆ្នេរ​ទាំង​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន នៅក្នុង​ប្រទេស​ជាប់​សមុទ្រ​ទាំងបី នៃ​មហា​អនុតំបន់​មេគង្គ រួមមាន កម្ពុជា ថៃ និង​វៀតណាម​។ ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​កំពង់ផែ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សម្រួលការ​ដឹកជញ្ជូន​ទំនិញ អ្នកដំណើរ អ្នក​ទេសចរណ៍ នៅតាម​តំបន់​ឆ្នេរសមុទ្រ ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​។​

​បន្ថែម​ពីលើ​កំពង់ផែ ដែល​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នាពេលនេះ ខេត្តកោះកុង នឹង​ទទួលបាន​សមិទ្ធផល​ធំៗ​ជា​ចំណងដៃ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នោះ​គឺ ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ត​ភ្ជាប់​ក្រុង​ខេមរភូមិន្ទ ទៅកាន់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​ជាង ១៩៨ គីឡូម៉ែត្រ ត​ភ្ជាប់​ខេត្តកោះកុង ទៅកាន់​ខេត្តពោធិសាត់ និង បន្ត​ដល់​ខេត្តបាត់ដំបង​។

​ក្នុង​សុន្ទរកថា​សំណេះសំណាល ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ដល់​គណៈអធិបតី សមាជិក សមាជិកា នៃ​អង្គពិធី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អំពី​គម្រោង​ធំៗ​ជាច្រើន ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាននិងកំពុង​អនុវត្ត ក៏ដូចជា​គ្រោង​នឹងសិក្សា ក្នុង​នោះបាន​រំលេច​ជាពិសេស​អំពី គម្រោង​លើក​កម្រិត​ផ្លូវជាតិ ផ្លូវ​ខេត្ត គម្រោង​ផ្លូវ​ល្បឿន​លឿន រថភ្លើង​ល្បឿន​លឿន រថភ្លើង​ក្រោម​ដី និង​លើ​អាកាស នៅ​រាជធានី​ភ្នំពេញ និង​គម្រោង​កំពង់ផែ​នានា ដែល​ទាំងអស់នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​លើកកម្ពស់​ការតភ្ជាប់​អន្តរ​វិស័យ​។

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោះ សូមកុំ​ភ្លេច​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ ដើម្បី​បន្ត​រួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព និង​ដើម្បី​បន្ត​ស្តារ លើកកម្ពស់ ការអភិវឌ្ឍ​កម្រិតជីវភាព របស់​បងប្អូន​ឱ្យ​កាន់តែ​ប្រសើរឡើង និង​មាន​ភាពទំនើប​ជឿនលឿន​ជាង​នេះ​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close