កម្ពុជា-ឡាវ ផ្ទេរអ្នកទោស៤៣នាក់

កម្ពុជា និងឡាវ បានឯកភាពគ្នាផ្ទេរអ្នកកំពុងជាប់ទោស ក្នុងកន្លែងឃុំ ឱ្យទៅអនុវត្តច្បាប់បន្ត នៅក្នុងប្រទេសរៀងៗខ្លួន។ ពិធីនេះរៀបចំនៅច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ជាមួយច្រកណងណុកឃៀន ខេត្តចម្ប៉ាសាក់ឡាវ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ភាគីកម្ពុជា មាន លោក តាន់ហ៊ាង ដាវ័ណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការ អន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដោយមានចូលរួមពីថ្នាក់ដឹកនាំ នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ, អយ្យការអមសាលាដំបូងរាធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានពន្ធនាគារ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

នៅក្នុងការផ្ទេរអ្នកទោសនេះ មានទណ្ឌិតកម្ពុជា ចំនួន ៩ នាក់ មានម្នាក់ជាស្រ្តី ដែលអ្នកទាំងនេះ គឺកំពុងអនុវត្តទោស នៅក្នុងពន្ធនាគារបាំងលាង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ត្រូវបានអនុញ្ញាតឱ្យមកបន្តអនុវត្តចាប់នៅកម្ពុជា។ ចំពោះទណ្ឌិតឡាវ កំពុងអនុវត្តទោស ដាក់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣៤ នាក់ ក្នុងនោះ មាន៣នាក់ គឺជាស្រ្តី ក៏ត្រូវបានផ្ទេរ ពីកម្ពុជា ទៅឡាវ ដើម្បីនាំយកទៅអនុវត្តទោសបន្ត តាមនីតិវិធីច្បាប់ នៅក្នុងពន្ធធនាគារ នៃប្រទេសទាំងពីរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close