គណបក្ស​ចំនួន​ ៣ ​​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ

គណបក្ស​នយោបាយ​ចំនួន ​៣​ បានចេញហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា ដែល​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៣។

​លោក​ ស៊ីម ដូនី ​ប្រធាន​លេខាធិការដ្ឋាន ​រៀប​ចំការ​បោះ​ឆ្នោត​រាជ​ធានី​ភ្នំពេញបាន​ឱ្យដឹងថា​ នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោត​មាន​គណបក្ស​ចំនួន​ ៣​ នឹង​ហែ​ក្បួន​ឃោសនា​រក​សំឡេងបោះ​ឆ្នោត​ ដោយ​ក្នុង​នោះ​មាន​គណបក្ស​ប្រជា​ជន​កម្ពុជា ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។

​បើ​តាម​មន្រ្តី​រូប​នោះ គណបក្ស​កាន់​អំណាច​នឹង​ជួបជុំ​ និង​ហែ​ក្បួន​ ដែលមាន​សមាជិក​៧​៦.៥០០​នាក់ ដែល​ ៣​ម៉ឺន​នាក់​នឹង​ជួបជុំ​ធ្វើ​មីទ្ទិញ ​នៅ​ក្នុង​ទីធ្លា​កោះ​ពេជ្រ និង​ជាង​៤ម៉ឺន​៦​ពាន់នាក់​ ចូល​រួមហែ​ក្បួនឃោសនាតាម​ដងផ្លូ​វ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក​បន្ត​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​នឹង​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ៦០០​នាក់​ ទៅ​ ១.០០០​នាក់ ​ជួបជុំ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ដើម្បី​ហែ​ក្បួន​។ ចំណែក​គណបក្ស​ខ្មែរ​ឈប់​ក្រ​នឹងមាន​អ្នក​ចូល​រួម​ចំនួន​ ១៥០​នាក់​ ជួបជុំ​នៅស្នាក់​ការ​គណបក្ស ក្នុង​សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ ហើយ​នឹង​ហែក្បួន​ឃោសនា​ផង​ដែរ។

​ប្រធាន​លេខា​ធិការ​ដ្ឋាន​រៀប​ចំការ​បោះ​ឆ្នោត ​រាជ​ធានី​ភ្នំពេញ ​លោក ​ស៊ីម ​ដូនី បន្ថែម​ថា​ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)​ បាន​ចេញ​សេចក្តីអំពាវ​នាវ​មួយ​ ដោយ​ណែនាំ ​និង​ស្នើ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ត្រូវ​ប្រកាន់​ជំហរ​អព្យា​ក្រឹត ​ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន និង​ត្រូវ​សម្រប​សម្រួល​ទី​កន្លែង ​ផ្លូវ ​ពេល​វេលា​ ​ដើម្បី​ឱ្យ​គណបក្ស​នយោ​បាយ​នីមួយៗ ​អាច​អនុ​វត្ត​កម្ម​វិធី​ឃោ​សនា​បោះ​ឆ្នោត និង​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន​ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើ​ភាព​គ្នា​។

លោក​បន្ត​ថា​ គ.ជ.ប ក៏អំពាវ​នាវ​ដល់​គណបក្ស​នយោ​បាយ ​បេក្ខ​ជន ​អ្នក​គាំទ្រ​គណបក្ស​នយោ​បាយ​ទាំង​អស់ ត្រូវ​តែ​គោរព​តាម​វិធាន​បទ​ប្បញ្ញត្តិ និង​គោល​ការណ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់ គោរព​ក្រម​សីល​ធម៌ និង​គោល​ការណ៍​នានា​ដែល​បាន​កំណត់​ដោយ ​គ.ជ.ប ​ដើម្បី​ឱ្យ​ការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោ​បាយ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិ​វិធី​ ​អហិង្សា ​សន្តិ​សុខ ​និង​សុវត្ថិ​ភាព។

សូមបញ្ជាក់ថា ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រនីតិ​កាល​ទី​៧ មាន​រយៈ​ពេល​មាន ២១​ថ្ងៃ គឺចាប់​ផ្តើម​ពីរ​ថ្ងៃទី១ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី២១ ​ខែ​កក្កដា ​ឆ្នាំ​២០​២៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close